ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ជនសង្ស័យ៣នាក់ដែលប្រើល្បិចបោកផ្ញើកាដូពីបរទេសរួចទារប្រាក់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីថ្ងៃ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បាន ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ក្នុងនោះមានស្ដ្រីខ្មែរម្នាក់ និងជនជាតិ នីហ្សេរីយ៉ា២នាក់ដែលជាប់ពាក់ព័ន្ធករណី ឆបោក ។

បើតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះឈ្មោះ ម៉ុច ចាន់ណារី អាយុ២៤ឆ្នាំ ស្នាក់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខបាន ឲ្យដឹងថា ខ្លួនបានស្គាល់ជនជាតិបរទេស ម្នាក់នៅប្រទេសអង់គ្លេសតែមិនដែលជួបមុខគ្នានោះទេ។ ក្រោយមកបុរសនោះបាន ប្រាប់នាងថា គេផ្ញើកាដូឲ្យពីបរទេសរួច កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កាដូនោះ បានមកដល់ស្រុកខ្មែរដោយតម្រូវឲ្យនាងផ្ញើលុយ១.០០០ដុល្លារដើម្បីបើកយកកាដូ។

NKD-36x6_outline

ស្ដ្រីរងគ្រោះបានបន្តថា បន្ទាប់ពីបានផ្ញើ លុយ១.០០០ដុល្លាររួចមកគេបានទូរស័ព្ទមកថាឲ្យផ្ញើលុយ២.០០០ដុល្លារបន្ថែម ពេលនោះទើបនាងសង្ស័យថា ត្រូវចាញ់ បោកគេក៏ទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយទទួលពាក្យបណ្ដឹង ភ្លាមៗកម្លាំងនគរបាលជំនាញបានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃដើម្បីកសាងសំណុំរឿងចាត់ការ បន្ដតាមច្បាប់ ៕ ហេង សូរិយា