ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងចម្រុះខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនភ្លាមៗនៅពេលដែលសមត្ថកិច្ចឆែកឆេររកឃើញមានថ្នាំញៀនចំនួន៦កញ្ចប់តូច នៅជាប់នឹងខ្លួន ខណៈដែលបុរសរូបនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌមានជ័យ។

ហេតុការណ៍ឃាត់ខ្លួនបុរសរូបនេះបានកើតឡើង នៅវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចភ្លើងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថា មុនពេលឃាត់ខ្លួនបុរសសង្ស័យខាងលើនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើដងផ្លូវវេងស្រេង ដែលដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការរង នគរបាលខណ្ឌ ហើយជនសង្ស័យបានជិះម៉ូតូឆ្លងកាត់គោលដៅសមត្ថកិច្ចហៅឲ្យឈប់ឆែកឆេររកឃើញមានរក្សាទុកថ្នាំញៀនចំនួន៦កញ្ចប់តូច។ ភ្លាមៗនោះសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួននាំទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឌឹម លីហេង អាយុ៣០ឆ្នាំ ជាជាងដែក ស្នាក់ផ្ទះជួល បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញថ្នាំញៀននេះនៅម្តុំកាណាឌីយ៉ាស៊ីធី ក្នុងតម្លៃ១កញ្ចប់ ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់។

NKD-36x6_outline

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកសេហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-7138 និងម្សៅក្រាមសថ្លាចំនួន៦កញ្ចប់តូច។ ក្រោយពីសាកសួរ ជនសង្ស័យរួម នឹងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តទៅតាមនីតិវិធី។

ជាមួយគ្នានេះផងដែរ សមត្ថកិច្ចចម្រុះក៏បានឃាត់ម៉ូតូអត់ពាក់ស្លាកលេខចំនួន៨គ្រឿង នាំយកទៅរក្សាទុកនៅស្នាក់ការប៉ុសិ៍្តនគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រួចតម្រូវឲ្យម្ចាស់ម៉ូតូយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ និងដោះស្រាយតាមច្បាប់ ហើយណែនាំឲ្យម្ចាស់ម៉ូតូគោរពច្បាប់ចរាចរណ៍៕ តាឡឹម