ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគយក្រុងប៉ោយប៉ែតឆែកឆេររទេះស្បែកជើងឆ្លងដែនលួចបង្កប់ឈើគ្រញូងពីក្រោមជាង៤០០គីឡូក្រាម

ប៉ោយប៉ែត៖ សមត្ថកិច្ចគយបានធ្វើសកម្មភាពត្រួតពិនិត្យរទេះរុញស្បែកជើងឆ្លងដែនពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត រកឃើញឈ្មួញលួចបង្កប់ឈើគ្រញូងជាង៤០០គីឡូក្រាម បង្កប់នៅពីក្រោមស្បែកជើង។

សកម្មភាពឆែកឆេរនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទីលានត្រួតពិនិត្យទំនិញ ឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋករក្រុងប៉ោយប៉ែតបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាននគរវត្តថា រទេះរុញស្បែកជើងដែលមន្ត្រីគយឆែកឆេរឃើញឈើគ្រញូងនេះ គឺឈ្មួញបានលួចដាក់បង្កប់ក្រោមបាតរទេះ យកស្បែកជើងចាស់ៗ និងខោអាវជជុះចំនួន៥ការ៉ុងដាក់ពង្រាយពីលើ ដើម្បីបញ្ចៀសពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ។ ដោយមានការសង្ស័យ ក៏ចាប់ផ្តើមឆែកឆេរ ស្រាប់តែម្ចាស់រទេះ ដែលដឹកឈើគ្រញូងដឹងខ្លួនមុន ក៏បានរត់គេចបាត់ ដោយបន្សល់ទុករទេះដឹកឈើគ្រញូងនៅនឹងកន្លែងទីលានត្រួតពិនិត្យនៅចំណុចខាងលើ។

ក្រោយពេលកើតហេតុ ឈើគ្រញូង១៥ដុំ ស្មើ៤១៤គីឡូក្រាម និងរទេះ ត្រូវបានមន្ត្រីគយ រក្សាទុកដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់មន្ត្រីជំនាញដើម្បីចាត់ការបន្ត។

សួមរំលឹកថា ក្រុមឈ្មួញតែងតែលួចលាក់ដឹកគ្រប់រួបភាព តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដើម្បីបំភ័ន្តមន្ត្រីជំនាញត្រួតពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែបើទោះជាណាក៏ដោយ មន្ត្រីជំនាញប្រចាំច្រកទ្វារ តែងតែបង្ក្រាបបានជាបន្តបន្ទាប់ ៕ វណ្ណា