ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ជិះម៉ូតូរោទ៍ខ្លាំងៗ​ និងមានកាន់ដុំថ្ម ក្នុងដៃបង្កការភ័យខ្លាចដល់អ្នកភូមិ

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យ៥នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន​មកសាកសួរបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមជនសង្ស័យបានជិះម៉ូតូរោទ៍ខ្លាំងៗ​ និងមានកាន់ដុំថ្ម ក្នុងដៃបង្កការភ័យខ្លាចដល់អ្នកភូមិ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យនគរវត្តដឹងថា ជនសង្ស័យទាំង៥នាក់​ មានឈ្មោះ ព្រំ វី ភេទប្រុស អាយុ 23ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ, ឈ្មោះ យ៉ាន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលគ្រឿងចក្រ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ, ឈ្មោះ មេ​​​​​​​ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា, ឈ្មោះ វិបុល​​​ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ និងឈ្មោះគង់​​ សុផល់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ រាធានី ភ្នំពេញ ។

ប្រភពបន្តថា បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ​ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថា ជាលទ្ធផលវិជ្ជមានទាំង៥នាក់ គឺប្រើប្រាស់គ្រឿងញៀនផងដែរ ។

បច្ចប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន