ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសសង្ស័យម្នាក់ជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្រោយពីប្រើហិង្សាវាយបុរសម្នាក់រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ និងជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាប៉ុនប៉ងមនុស្សឃាតដោយបានយកព្រនង់ឫស្សីមួយដើមវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់គ្រាន់តែរឿងចាក់មេក្រូ ហើយជនរងគ្រោះហាមមិនឲ្យចាក់តែប៉ុណ្ណោះ ។

ការប្រើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះ200ខ្នង ស្ថិតក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុករមាសហែកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុវណ្ណ ចាន់សាវ៉ាត អាយុ61ឆ្នាំ មុខរបរអតីតយុទ្ធជន(យោធា) មាន ស្រុកកំណើតមកពីភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រំ​ ខណៈជនសង្ស័យ និងជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។

ប្រភពបន្តថាចំណែកជនរងគ្រោះមានឈ្មោះ ឡុង ជីអាយុ60ឆ្នាំមុខរបរ អតីតយុទ្ធជន(យោធា)មកពីភូមិពោធិរស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយ ជនសង្ស័យឈ្មោះសុវណ្ណ ចាន់សាវ៉ាត បានទាញ និងព្រនង់មកវាយជនរងគ្រោះឫស្សីរងរបួសក្បាលធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ច ដឹកមកកាន់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថាមូល ហេតុដែលធ្វើឲ្យមានអំពើរហិង្សានេះ កើតឡើងដោយគ្រាន់តែទំនាស់ប្រកាន់រឿងនយោបាយ ដោយជនសង្ស័យចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយបក្សរបស់ខ្លួនលឺៗពេក ទើបជនរងគ្រោះដើរទៅឃាត់ក៏កើតមានរឿងឡើងតែម្ដង ។

បច្ចុប្បន្ន ជនសង្សយ័ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាល ខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន