ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនយុវជនសង្ស័យម្នាក់ក្នុងករណីហិង្សាដេញកាប់គ្នាក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនមកសាកសួរពាក់ពន្ធ័ នឹងករណីហិង្សាដេញកាប់គ្នាផ្អើលដល់អ្នកភូមិកាលពី ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅវេលាម៉ោង៨និង៤០នាទីយប់ នៅចំណុចសួនតាឌី ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបាន​ឲ្យដឹងថា យុវជនសង្ស័យ ដែលឃាត់ខ្លួនមាន ឈ្មោះថន សីហា (ហៅអាតួ) មុខរបរមិនពិតប្រាកដ អាយុ១៧ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងដកហូតម៉ូតូដែលជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1 GE9610។

ប្រភពបន្តថា មុនកើតហេតុគឺមានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចថា មានក្រុមក្មេងទំនើងដេញកាប់គ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងស្វាយរៀង ប្រកាសតាមវិទ្យុទាក់ទង ខណៈកម្លាំងកងរាជអាវុធហត្ថដែលជិះល្បាត ប្រទះឃើញជនសង្ស័យដែលកំពុងជិះម៉ូតូក៏ឃាត់ខ្លួនបានជនសង្សយ័ជិះម៉ូតូនៅចំណុចខាងជើងផ្សារវាលយន្តស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងបានឃាត់ខ្លួនយកមក ស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរបន្តទៀត ៕ យឹម សុថាន