ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សមត្ថកិច្ចឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាម២នាក់ដកហូតវត្ថុតាងមួយចំនួន

ភ្នំពេញ៖ ស្ត្រី២នាក់ដែលជាអ្នកកត់កន្ទុយលេខ(ឆ្នោតវៀតណាម) ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីអ្នកទាំងពីប្រព្រឹត្តបទល្មើសជាក់ស្តែង។

ការឃាត់ខ្លួននេះកាលពីថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះលេខ១៨Aផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ ស្ត្រីទាំងពីរនាក់ ឈ្មោះ ភន សោភា ភេទស្រី អាយុ១៨ឆ្នាំ និង ឈ្មោះ សំរិត ណារិទ្ធ ភេទស្រី អាយុ៣៨ឆ្នាំ ទាំងពីរនាក់ស្នាក់នៅផ្ទះលេខ១៨A ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ(ជាអ្នកសុីឈ្នួលកត់ឆ្នោតវៀតណាម)។

លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍ថា មានករណីលេងល្បែងសុីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ហើយលោកអធិការរងបានរាយការណ៍ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសុំគោលការណ៍ចុះបង្រាប។

លោកអធិការរងបន្តទៀតថា ក្នុងការចុះបង្ក្រាបនេះ ក៏មានមន្ត្រីសាលាខណ្ឌសែនសុខ ក្រឡាបញ្ជី ព្រះរាជអាជ្ញារងចូលរួមផងដែរ ជាក់ស្តែងឃាត់ខ្លួនបានស្ត្រីពីរនាក់ខាងលើ និងដកហូតលុយខ្មែរចំនួន១០.៣០០០០រៀល ឧបករណ៍គិតលេខចំនួន២ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមចម្លើយសារភាពរបស់ស្ត្រីទាំងពីរនាក់ខាងលើបានប្រាប់សមត្ថកិច្ចថា ពួកខ្លួនគ្រាន់តែជាអ្នកកត់សុីឈ្នួលឲ្យគេតែប៉ុណ្ណោះ ដោយបានប្រាក់ខែក្នុងម្នាក់១៨០ដុល្លារ ។

បច្ចុប្បន្នស្ត្រីទាំងនាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា