ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្រ្កាបក្រុមអ្នកនេសាទជនជាតិវៀតណាម៦នាក់នៅតំបន់អភិរក្ស

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ច ចម្រុះការពារកន្លែងអភិរក្សជលផលបានចុះបង្រ្កាបអ្នកនេសាទជនជាតិវៀតណាម៦នាក់ ខណៈពួកគេចូលទៅធ្វើសកម្មភាពនេសាទក្នុងកន្លែងអភិរក្សជលផល កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបឹងទន្លេសាប ដែលជាកន្លែងអភិរក្សជលផល ស្ថិតក្នុង ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក ភុន វណ្ណា នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានឱ្យដឹងថា ជនសង្ស័យជនជាតិវៀតណាមទាំង៦នាក់ដែលត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង យ៉ាំងបាវ ភេទ ប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកណ្ដៀង ទី២-ឈ្មោះ គុម រិន ភេទប្រុស អាយុ ២០ឆ្នាំ ទី៣-ឈ្មោះ ឡេ យ៉ាំងឡាំង ភេទប្រុស អាយុ៣៤ឆ្នាំ , ទី៤-ឈ្មោះ ង្វៀង យ៉ាំងជាង ភេទប្រុស អាយុ ២៦ឆ្នាំ ទី៥-ឈ្មោះ ថាង យ៉ាំងហាយ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៦-ឈ្មោះ ង្វៀង យ៉ាំងហ៊ុង ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៥នាក់នេះស្នាក់នៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោកនាយសង្កាត់បន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើ កម្លាំងដកហូតបានអួននិងមងអូសដៃចំនួន៣វង់ ប្រវែងសរុបចំនួន ២៨០ម៉ែត្រ និងកាណូត បាឡាស្មាច់១គ្រឿង ហើយសម្ភារទាំងនេះរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង ។ លោកបន្តទៀតថា ចំពោះជនសង្ស័យទាំង៦នាក់ត្រូវបញ្ជូនទៅខណ្ឌរដ្ឋ បាលជលផលពោធិ៍សាត់ដើម្បីបន្តនីតិវិធី ។

គួររំលឹកផងដែរថា ចាប់តាំងពីថ្ងៃទី៩ ដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចបានបង្រ្កាបអ្នកនេសាទខុសច្បាប់ជនជាតិវៀតណាមសរុប១៥នាក់ហើយ ខណៈពួក គេលួចចូលនេសាទក្នុងកន្លែងអភិរក្សជល ផលហើយជនសង្ស័យទាំង១៥នាក់នោះ ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់ផងដែរ ៕ ដោយ ៖ ប៉ឹម ពិន
image