ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បញ្ជូនបុរសជនជាតិចិនម្នាក់ទៅតុលាការករណីបើករថយន្តបុកម៉ូតូ ស្លាប់មនុស្សម្នាក់ របួស២នាក់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នគរបាលចរាចរណ៍​ខេត្ត​ព្រះសីហនុ ​ បាន​បញ្ជូន​ជនសង្សយ័អ្នកបើកបរ​រថយន្ត​ ជនជាតិ​ ចិនម្នាក់​ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅ​លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិតនៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រវាង​ រថយន្ត​ និង​ ម៉ូតូ​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​ រងរបួស​បាក់​ជើង​ ចំនួន​ ០២នាក់​ ។

នគរបាលបញ្ជាក់ថា ជនរងគ្រោះភាគីខាងម៉ូតូមានឈ្មោះ១ ឈ្មោះសោម ឃឿន ភេទប្រុស អាយុ៦០ឆ្នាំ រងរបួសធ្ងន់, ២ ឈ្មោះឃួន លុន ភេទស្រីអាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសធ្ងន់(ក្រោយមកបានស្លាប់), ៣ ឈ្មោះ ឃឿន ចាន់លាភ ភេទប្រុសអាយុ៥ឆ្នាំ ត្រូវជាចៅ រងរបួសធ្ងន់ ។ អ្នកទាំងបីមានទីលំនៅឃុំ បិតត្រាង ស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ