ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះអនុវត្តន៍ដីកាចាប់ខ្លួនបុរសម្នាក់ចោទពីបទ ឆបោកលុយ១៥,០០០ដុល្លារ បញ្ជូនទៅតុលាការ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នាយនគរបាលប៉ុស្តិ៍ក្រយា សហការជាមួយនគរស្រុកបារាយណ៍ ចុះអនុវត្តន៍ដីការលេខ២៥ របស់ចៅក្រម ឃនសុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ ឲ្យចាប់ខ្លួនឈ្មោះឆែម ឆេន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ចោទពីបទឆបោកលុយ១៥,០០០ដុល្លារអាមេរិកបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ក្រយាបានឲ្យដឹងថា ជនឆបោកឈ្មោះ ឆែម ឆេន ត្រូវបានថៅកែម្នាក់នៅភ្នំពេញឲ្យនៅចាំដី ក្រោយមកក៏លួចលក់ដីរបស់គាត់ទៅឲ្យឈ្មោះ  រី ប៊ុនឋាន រស់នៅខេត្តកំពង់ចាម។ លុះគេយកគ្រឿងចក្រមកឆូសឆាយ ស្រាប់តែម្ចាស់ដីដែលភ្នំពេញមកទាន់ក៏សួរថាហេតុអីបានជាឆូសឆាយដីខ្ញុំៗមានប្លង់កម្មសិទ្ធត្រឹមត្រូវ។

លោក រីប៊ុន ឋាន បានឆ្លើយថា លោកបានទិញពីឈ្មោះ ឆែម ឆេន  តំលៃ១៥,០០០ដុល្លារ  ហើយក្នុងនោះក៏មានការចុះហត្ថលេខាបោះត្រាដោយលោក សំ អ៊ី ជាស្មានឃុំ ក្រយា ហើយនិងលោក ពេជ សុធា អភិបាលស្រុកសន្ទុកផងដែរ។ ក្រោយមកលោក រីប៊ុន ឋាន ក៏បានទាលុយពី ឆែម ឆេនវិញ តែលុយនោះត្រូវបានចាយអស់ហើយ ទើបលោក រីប៊ុន ឋាន ទៅដាក់ពាក្យបណ្ដឹងមកសាលាដំបូងខេត្តកំពង់ធំចោទពីបទឆបោកលុយ ១៥,០០០ដុល្លារ។

លោក សំ អ៊ីស្មាន ឃុំក្រយាបានឲ្យដឹងថា លោកពុំមានការពាក់ព័ន្ធក្នុងការចុះហត្ថលេខាបោះត្រា លក់ដី របស់លោក ឆែម ឆេន នោះទេ។ បច្ចុប្បន្នលោក ឆែម ឆេនត្រូវបានសមត្ថកិច្ចបញ្ជូលមកសាលាដំបូងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦៕