ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់យុវជន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំញៀន១កញ្ចប់និងម៉ូតូ១គ្រឿង

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ឆ្នាំញៀន ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង ៨យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេច៦ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងនគរបាលទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ពេលដែលចុះល្បាត ស្រាប់តែប្រទះឃើញ និងគួរឲ្យសង្ស័យលើពួកគេទាំង៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FS-4870 ហើយក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែបានរកឃើញថ្នាំញៀន១កញ្ចប់ ដែលជនសង្ស័យទើបតែមកពីទិញដើម្បីយកទៅប្រើប្រាស់។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១ ឈ្មោះសេង មិនា អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅភូមិតានុប ឃុំតានុប ស្រុកបាធាយ ខេត្តកំពង់ចាម ទី២ឈ្មោះ ម៉ុន ជំនោ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិតានុប ឃុំតានុប ស្រុកបាធាយ ខេត្តកំពង់ចាម ទី៣ឈ្មោះ ឃឿន វណ្ណី អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិតានុប ឃុំតានុប ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរកម្មករសំណង។

NKD-36x6_outline

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូត ថ្នាំញៀនក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំល្មម និងម៉ូតូចំនួនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងថ្នាំញៀន ត្រូវបាននាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន​ខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ