ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រ្កាបទីតាំងភ្នាល់ល្បែងស៊ីសង និងរៀបចំតម្លើងម៉ាស៊ីនលេងល្បែងស៊ីសងខុសច្បាប់១កន្លែង នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប បានចុះបង្រ្កាបទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់ និង រៀបចំតម្លើងម៉ាស៊ីនលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុង ក្រុងសៀមរាប ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់ លោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំង ដោយលោកវរសេនីយ៍ទោ តូច សុគន្ធ នាយការិយាល័​យ​នគរបាលអន្តោប្រវេសន៍ខេត្ត និង ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបទីតាំងបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់(ហ្គែមបាញ់ត្រី)មួយកន្លែងនៅ វេលាម៉ោង ២២និង១៥នាទីថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ធ្នូ ២០១៧ ដែលមានទីតាំងស្ថិតនៅភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ តូច សុគន្ធ នាយការិយាល័​យ​នគរបាល​អន្តោប្រវេសន៍ខេត្ត បានប្រាប់ថា បានឃាត់ខ្លួនមនុស្ស ប្រុស ស្រី ចំនួន ០៧ នាក់ រួមនឹងវត្ថុតាងទូរបាញ់ត្រីចំនួន ០៣ទូរ រួចយកមកសួរនាំនៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តទៅតាមផ្លូវច្បាប់។

លោកបានបន្តថា ជនសង្ស័យ ប្រុស ស្រីទាំង០៧នាក់ក្នុងនោះមាន៖ទី១/ឈ្មោះ LIM CHEE WOOI ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរ ជាថៅកែ ជនជាតិ ម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខ A៤០៤៩៦១៥៧ ទី២/ឈ្មោះ NG CHUAN FU ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាថៅកែជនជាតិ ម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខA៣៣៣៦៩៥៦៣ ទី៣/ឈ្មោះ ចាន់ រដ្ឋ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ ជាបុគ្គលិក ទី៤/ឈ្មោះ យួន សាវុធ ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ ជាបុគ្គលិក ទី៥/ឈ្មោះ លី សៀម ភេទ ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ជាចុងភៅ ទី៦/ឈ្មោះ ហ៊ បូណា ភេទប្រុស អាយុ៤៤ ជនជាតិខ្មែរ ជា ម្ចាស់ផ្ទះ និង ទី៧/ឈ្មោះ យុន សំអុល ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបកប្រែ និង ជួយជួលផ្ទះឱ្យ។

ក្រោយការចុះបង្រ្កាបទីតាំងខាងលើ សមត្ថកិច្ចយើងបានបន្តចុះឆែកឆេរក្នុងទីតាំងផ្ទះមួយកន្លែងផ្សេងទៀត(ជាផ្ទះជនជាតិម៉ាឡេស៊ី ជួលស្នាក់នៅ)ស្ថិតនៅភូមិ វាល សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប នឹងបានរកឃើញវត្ថុតាងឧបករណ៍សម្រាប់តម្លើងទូរបាញ់ត្រីចំនួន ២១ទូរបន្ថែមទៀត។លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យ ប្រុស ស្រី ទាំង០៧នាក់ ខាងលើត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឱ្យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធី ៕ ប៊ុន​រិទ្ធី​