ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីជនជាតិចិនម្នាក់និងខ្មែរម្នាក់ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀនទំងន់៣គីឡូក្រាមផ្ញើរមកពីប្រទេសហូឡង់

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានបញ្ជូនស្ត្រីជនជាតិចិនម្នាក់និងខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីក្រោយសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទំងន់៣គីឡូក្រាមដែលផ្ញើរមកពីប្រទេសហូឡង់ ។

តាមប្រភពពីមន្រ្តីនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្រ្តីសង្ស័យទាំង២នាក់នេះ ត្រូវបានបញ្ជូនសំណុំរឿងនេះស្ថិតក្នុងដៃលោកគុជ គឹមឡុង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរ បន្តតាមនីតិវិធី ។

មន្រ្តីដដែលបានបន្តទៀតថា ស្រ្តីសង្ស័យទាំង២នាក់ទី១;ឈ្មោះ Huang xue fang ភេទស្រី ជនជាតិចិន អាយុ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅព្រំដែនខ្មែរថៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៨មិថុនា ឆ្នាំ២០១៨ ជាមួយនិងគ្រឿងញៀនកូកាអ៊ីន ទំងន់២គីឡូក្រាម ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ គ្រឿងញៀននេះមានប្រភពចេញមកពីប្រទេសហូឡង់ ដោយខ្លួននាងគ្រាន់តែស៊ីឈ្នួលនាំចូលមកកម្ពុជាប៉ុណ្ណោះ ។ ជនសង្ស័យទី២; ឈ្មោះ ស សុគន្ធា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែ រស់នៅផ្ទះលេខ២៨៣ ផ្លូវលេខ៩០៦ សង្កាត់បឹងកក់ ខណ្ឌទួលគោក ។ ហើយការចាប់ខ្លួនឈ្មោះ ស សុគន្ធា បានធ្វើឡើងកាលពីថ្ងៃទី១៨មិថុនា ឆ្នាំ២០១៨នៅចំណុចប្រៃសណីភ្នំពេញ ដោយសមត្ថកិច្ចដកហូតម្សៅពណ៍សក្រោម ជាគ្រឿងញៀនទំងន់១គីឡូក្រាមដែលគេផ្ញើរមកពីប្រទេសហូឡង់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រង់ចាំតុលាការសម្រេចឃុំខ្លួនដាក់ពន្ធធនាគារបណ្ដោះអាសន្នផងដែរ ៕ស តារា