ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបំបែកសំបុកក្រុមជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅអធិការនគរបាលក្រុងសៀមរាប បានបង្ហាញមុខក្រុមប្រើប្រាស់ថ្នាំញៀន ដែលសមត្ថកិច្ចបានបង្រ្កាប កាលពីវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី១៨ ខែ ខែតុលា ឆ្នាំ២០១៨ ។

កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលការពារ និងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្រ្កាបករណី ប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីជួញដូរ ចែកចាយ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុច ភូមិស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងដាជនសង្ស័យចំនួន ៩ នាក់ មានស្រី ០១ នាក់ផងដែរ ។ ក្រោយពីពិនិត្យនិងធ្វើតេស្ត មានសារធាតុញៀនក្នុងខ្លួនចំនួន៨ នាក់ ។

ដកហូតវត្ថុតាង រថយន្តម៉ាកកាមរីបាឡែនចំនួន០១គ្រឿង ; ម៉ូតូចំនួន០៣គ្រឿង ; កាំភ្លើងអាកា ៤៧ មួយដើម បង់ដាក់គ្រាប់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់ ; ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំនិង២៣ កញ្ចប់តូច ; ដាវ/កាំបិត/បំពង់ទិប ធ្វើដែកជាច្រើនដើម ; ទូរស័ព្ទចំនួន ១១ គ្រឿង ។

ដោយឡែកក្នុងចំណោមជនសង្ស័យខាងលើមានជនសង្ស័យម្នាក់ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះវេលាម៉ោង១០ ទៅ ម៉ោង១១យប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៨ បានធ្វើសកម្មភាព យកកាំភ្លើងខាងលើបាញ់ឡើងលើចំនួន ២ គ្រាប់នៅចំណុច ខាងមុខផ្ទះរបស់ឈ្មោះត្រា (មិនស្គាល់ត្រកូល) ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិភ្ញាជ័យសង្កាត់ស្វាយដង្គំ និងការស្រាវជ្រាវបន្តឃើញថាជននេះកន្លងមកមាន ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាបចំនួន០៣ដីកា ផងដែរពាក់ពន្ធ័នឹងគ្រឿងញៀន។

ករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តហើយកសាងសំណុំរឿងបញ្ជូនទៅសាសាដំបូងចាត់តាមច្បាប់ ៕ ប៊ុនរិទ្ធី