ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រកាសរកសាច់ញាតិបុរសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលយប់

ភ្នំពេញៈ បុរសម្នាក់បានដើរឆ្លងផ្លូវស្រាប់តែមានម៉ូតូមិនចាំម៉ាកមកបុកបណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធម័ ម៉ូតូបង្ក ជិះគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទី យប់ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ នៅចំមុខប៉ុស្តិ៍កាបូល ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា ជនរងគ្រោះ(សព) នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុន ពេលកើតហេតុគេឃើញបុរសម្នាក់កំពុងតែដើរតាមបណ្តោយផ្លូវ ជាតិលេខ៤ ទិសដៅពីលិច ទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក បើក ទិសដៅពីលិចទៅកើត ស្របទិសគ្នាក្នុងល្បឿន លឿន ខណៈជ្រុលទៅបុក បុរសខាងលើ ពេញទំហឹង ដួលបោកក្បាលស្លាប់នៅនឹងកន្លែង ចំណែកឯម៉ូតូបង្កបើករត់គេចដោយសុវត្ថិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យរថយន្តសាមុយ ដឹកសព យកទៅដម្កល់នៅវត្តទឹកថ្លារង់ចាំ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះនៅមិនទាន់រកបងប្អូននៅឡើយទេ ៕ សុខាសែនជ័យ