ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដុតកម្ទេចផលិតផលក្លែងក្លាយ និងខូចគុណភាព៦មុខស្មើនឹង៤០តោន

ភ្នំពេញ៖ យ៉ាងហោចណាស់ផលិតផលក្លែងក្លាយ និងខូចគុណភាព៦មុខស្មើនឹងទម្ងន់៤០តោន ដែលក្រុមសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការនឹងអគ្គនាយកដ្ឋានកាំកុងត្រូលចុះរឹបអូសយកបានពីក្រុមឈ្មួញខិលខូច កាលពីកន្លងទៅនោះ ហើយនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ផលិតផលទាំងនោះត្រូវបានដឹកនាំយកមកដុតបំផ្លាញចោលនៅទីលានសំរាម នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំលោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ។

លោក ចាន់ វ៉ាន់ធឿន បានបញ្ជាក់ប្រាប់ឲ្យដឹងថា ផលិតផលក្លែងក្លាយនិងខូចគុណភាពមានចំនួន៦ប្រភេទស្មើនឹងទម្ងន់៤០តោន ត្រូវបានកម្លាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការស្រាវជ្រាវចាប់រឹបអូសបានពីក្រុមឈ្មួញនាំចូលខុសច្បាប់កាលពីកន្លងទៅនោះ ហើយនៅរសៀលថ្ងៃទី១២តុលានេះ បានធ្វើការដុតកម្ទេចចោលតែម្តងនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ។ ក្នុងពិធីដុតកម្ទេចនេះផងដែរក៏មានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូង លោក សៀង សុខ និងខាងមន្ត្រីកាំកុងត្រូលផងដែរ។

ក្នុងនោះ លោកប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក៏បានអំពាវនាវដល់ពលរដ្ឋមុននឹងទិញទំនិញយកមកប្រើប្រាស់ត្រូវពិនិត្យឲ្យបានច្បាស់លាស់ និងជួយរាយការណ៍ផ្តល់ដំណឹងដល់សមត្ថកិច្ចជំនាញនៅពេលបងប្អូនដឹងថា ទីតាំងនោះមានលួចលាក់ផលិតទំនិញខុសច្បាប់ និងបាននាំចូលផលិត ផលហួសដឺឡេជាដើម។

ដោយឡែកលោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូលក៏បានឲ្យដឹងថា ខាងកាំកុងត្រូលបានសហការល្អជាមួយខាងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កន្លងមកនេះក៏បានរឹបអូសទំនិញខូចគុណភាពជាច្រើន ដូចជាស្ករត្នោតដែលមានសារធាតិគីមីលើសកំរឹតអនុញ្ញាត ហើយចុងក្រោយនីតិវិធីរបស់តុលាការក៏សម្រេចរឹបអូសយកមកធ្វើការកម្ទេចចោល។

គួរបញ្ជាក់ថា ផលិតផលទាំងនោះរួមមាន៖ ម៉ាស៊ីនហ្គេមនិងឧបករល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត នំចំនួន៣ប្រភេទ ស្ករត្នោតកែច្នៃប្រើប្រាស់សារធាតុគីមីហាមឃាត់ បារី៥៥៥កលែងក្លាយ ទឹកគោយ៉ាអួរម៉ាកMeiji រំលោភសិទិ្ធចែកចាយ ទឹកស៊ីអ៊ីវគ្មានម៉ាក និងគ្រឿងសំអាងក្លែងក្លាយ ទឹកស៊ីអ៊ីវគ្មានប្រូតេអ៊ីន និងថ្នាំកសិកម្ម ចំណីគ្មានច្បាប់អនុញ្ញាត សរុប៤០តោន៕ តាឡឹម