ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យបានម្នាក់ខណៈលួចកាត់ខ្សែភ្លើង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចូលក្នុងផ្ទះគេទុកចោល ហើយធ្វើសកម្មភាព លួចកាត់យកខ្សែភ្លើង ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះទៅព័ទ្ធចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួក៣នាក់ទៀត គេចខ្លួនបាត់ ។

ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៤ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅគល់ស្ពានអាកាសផ្សារដីហុយផ្នែកខាងជើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នគរបាលប្រាប់ថា ជនសង្ស័យឈ្មោះ ហុក ណារិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្លូវរថភ្លើងក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា មុនកើតហេតុឃើញក្រុមជនសង្ស័យ៣នាក់ បានកាច់ចម្រឹងបង្អូចចូលទៅផ្ទះ ដែលគេទុកចោលរួចនាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងខាងក្នុង ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះទៅព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួក៣នាក់ទៀត គេចខ្លួនបាត់ ។

ប្រភពដដែលបានប្រាប់ថា នៅទីតាំងខាងលើ ម្ចាស់ផ្ទះទុកចោរយូរឆ្នាំហើយ មិនឃើញជួសជុល ឬក៏ធ្វើអ្វីឡើយ ដែលជាឱកាសល្អសម្រាប់ក្រុមចោរចូលលួចសម្ភារខាងក្នុងអស់ស្ទើរទាំងស្រុងទៅហើយ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងទីតាំងខាងលើពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារង់ចាំបញ្ជូនទៅអធិការ ខណ្ឌសែនសុខពេលក្រោយ ៕ តុង សីហា