ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសម្រេចបិទ ទីតាំងផលិតមីនិងលតគ្មានច្បាប់និងគ្មានអនាម័យបណ្តោះអាសន្ន

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រីឧស្សាហ៍កម្ម និងសិប្បកម្មខេត្តចុះបង្ក្រាបករណីផលិតសរសៃមី និងលត គ្មានការអនុញ្ញាតច្បាប់ និងគ្មានអនាម័យមួយកន្លែងនៅក្នុងក្រុងសៀមរាប និងសម្រេចបិទទីតាំងនោះបណ្ដោះអាសន្ន និងចនាំម្ចាស់ទីតាំងមកធ្វើការផាកពិន័យ និងឱ្យធ្វើកិច្ចសន្យា ។

ហេតុការណ៍ចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប ដែលដឹកនាំដោយលោក សឿន សេន នាយផ្នែកប៉ូលិសសេដ្ឋកិច្ចខេត្ដ ។

លោកវរសេនីយឯកសឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រាប់ឲ្យដឹងថា ការបិទទីតាំងផលិតសរសៃមីលឿង និងលតគ្មានច្បាប់និងគ្មានអនាម័យនេះគឺធ្វើឡើងបន្ទាប់ពីមានព័ត៌មានសម្ងាត់ ទើបលោកបានបញ្ជាឱ្យកម្លាំងជំនាញ ចុះសហការជាមួយមន្ត្រីឧស្សាហ៍កម្មនិងសិប្បកម្មខេត្ត ដោយបានចុះត្រួតពិនិត្យនិងធ្វើការឆែកឆេរទីតាំងផលិតសរសៃមីនិងលតរួចមកបានរកឃើញថាទីតាំងនោះពិតជាគ្មានការអនុញ្ញាតិច្បាប់ព្រមទាំងគ្មានអនាម័យដោយពិតប្រាកដមែន ។

លោកបានបញ្ជាក់ថាម្ចាស់ទីតាំងខាងលើមានឈ្មោះភាវ ករុណាភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាប ហើយការផលិតសរសៃមីលឿង និងលតឆា ខាងលើពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវដែលអាច បង្កឱ្យអ្នកដែលជាវយកទៅទទួលទានមានបញ្ហាដល់សុខមាភាពឫមានបញ្ហាផ្សេងៗទៀតផងដែរ។កម្លាំងសមត្ថកិច្ចនគរបាលយើងបានធ្វើការសហការណ៍ជាមួយនិងកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បង្ក្រាបនិងសម្រេច បិទទីតាំងនេះជាបណ្ដោះអាសន្នទៅតាម(ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម) ។

លោកនាយការិយាល័យបានបន្តទៀតថាបច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តយកទៅធ្វើការសាកសួរស្រាវជ្រាវនិងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត ។

គួរបញ្ជាក់ផងដែរថា លោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសូមអំពាវនាវដល់អាជីវករទាំងអស់នៅក្នុងខេត្តសៀមរាប ដែលចង់ប្រកបមុខរបររកស៊ីត្រឹមត្រូវ កុំឱ្យសមត្ថកិច្ចចាប់ឬឃាត់ខ្លួននោះមេត្តានាំគ្នាមុននឹងបើកអាជីកម្មណាមួយសូមឱ្យទៅធ្វើច្បាប់ជាមុនសិនចៀសវាង កុំឱ្យសមត្ថកិច្ចចុះបិទទីតាំងដូចករណីផលិតមីនិងលតគ្មានច្បាប់និងសិប្បកម្មមួយចំនួនទៀតនៅក្នុងខេត្តសៀមរាបកន្លងមក ៕ ជានិរន្ដរ៍

aes

aes (3)

aes (2)

aes (1)