ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច៖ ប្តីដាល់ប្រពន្ធ២ដៃចំថ្ពាល់ខណៈមានជំងឺលើសឈាម…គ្រាន់តែរឿងសុំទៅធ្វើការរកកម្រៃ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងនគរបាលស្រុកភ្នំក្រវាញចាប់ដាក់ខ្នោះដៃ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅគ្រាដែលកំពុងព្យាយាមជិះម៉ូតូរត់គេចខ្លួន បន្ទាប់ពីបុរសរូបនេះ វាយប្រពន្ធស្លាប់ដ៏រន្ធត់។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចក្បែក្រុមហ៊ុន(អឹមឌីអេស) ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចម្រុះចុះប្រតិបត្តិការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈន ឆេង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បុរសសង្ស័យរូបនេះបានដាល់ប្រពន្ធចំថ្ពាល់ខាងស្ដាំចំនួន ២ដៃបណ្ដាលឲ្យដួលស្លាប់ភ្លាមៗ នៅគ្រាដែលជនរងគ្រោះ(ប្រពន្ធ)មានជំងឺលើសឈាមផងនោះ។

ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យដៃដល់ជាប្ដីក្រោយធ្វើសកម្មភាព និងដឹងថាប្រពន្ធរបស់ខ្លួនបានដាច់ខ្យល់ស្លាប់ហើយនោះ មិនទទួលខុសត្រូវនោះឡើយបានទាញម៉ូតូជិះរត់គេចទុកកូនៗរញុង់នៅអង្គុយមើលសពម្ដាយយ៉ាងសង្វេគ ប៉ុន្តែបាបកម្មឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចក្របួចដាក់ខ្នោះដៃ ។ ការដែលជនសង្ស័យផ្ទុះហិង្សាសហព័ន្ធមានស្ថានទម្ងន់ទោសនេះ កើតនៅពេលជនរងគ្រោះ(ប្រពន្ធ)សុំទៅធ្វើការងារឲ្យគេដើម្បីរកកម្រៃ ព្រោះលោកប្ដីដៃដល់ក្លាយជាឃាតករូបនេះ គាត់មិនសូវចាប់អារម្មណ៍រឿងរកលុយចិញ្ចឹមកូនប្រពន្ធនោះទេ គាត់ផឹកស៊ីស្រវឹងអ៊ួទីនួ ស្ទើររាល់ថ្ងៃហើយបង្កហិង្សាក្នុងគ្រាសារឥតស្រាកស្រាន្តនោះទេ។

ប្រភពដដែលបន្តទៀតថា សាកសពបានដំកល់នៅក្នុងខ្ទមដ៏កម្សត់យ៉ាងអាណោចអាធ័មរបស់គាត់ រង់ចាំសមត្ថកិច្ចជំនាញចម្រុះចុះធ្វើកោសល្យវិច័យ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ចំណែកបុរសជាប្ដីសង្ស័យដៃដល់បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការតាមច្បាប់ ៕ ប៉ឹម ពិន