ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សាកសព​ប្រជាពលរដ្ឋ​ខ្មែរ​១០​នាក់​និង​ពលករ​ខុសច្បាប់​ចំនួន​៣.៧៥០​នាក់​ក្នុង​ខែមេសា​ ឆ្នាំ​២០១៨

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សាកសព​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់​និង​ពលករ​ខុសច្បាប់​ចំនួន​៣.៧៥០​នាក់​ ក្នុង​ខែមេសា​ ឆ្នាំ​២០១៨​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​ ​

ដោយ​យោង​តាម​របាយការណ៍​ខែមេសា​ ឆ្នាំ​២០១៨​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សាកសព​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៩​នាក់​និង​កម្ពុជា​បញ្ជូន​សាកសព​ថៃ​ម្នាក់​ទៅ​ថៃ​ ហើយ​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​មាន​ចំនួន​៧២​លើក​មាន​ចំនួន​៣.៧៥០​នាក់​ ក្នុង​នោះ​មាន​បុរស​ចំនួន​១.៩៩០​នាក់​ ស្រី​ចំនួន​១.៣៥៩​នាក់​ កុមារ​៤០១​នាក់​។​

​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ថា​បញ្ហា​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់​គឺជា​បញ្ហា​សំខាន់​បំផុត​ចំពោះ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​តាម​រយៈ​មេខ្យល់​ប្រឈម​គ្រោះថ្នាក់​ដូច​ជា​ឆ្លង​ព្រំដែន​ល្មើសច្បាប់​និង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

លោក​បាន​ដាក់​វិធានការ​ដល់​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​លុប​បំបាត់​នៅ​ច្រករបៀង​ខុសច្បាប់​ឲ្យ​អស់តា​មការ​ណែនាំ​ពី​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​លុប​បំបាត់​ឲ្យ​អស់​ច្រករបៀង​ល្មើសច្បាប់​ដែល​លួច​ពលករ​ចេញចូល​ខុសច្បាប់​និង​ទំនិញគេចពន្ធ​និង​ខូចគុណភាព​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​ទប់ស្កាត់​ឲ្យ​បាន​ ៕​ សំ វិច្ឆិកា