ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញមុខ​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៣​នាក់​ និង​កាំភ្លើង​កែ​ច្នៃ​បាញ់​សត្វ​១

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​នគរបាល​ ខណ្ឌ​ជ្រោយចង្វារ​ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ឧសភា​ ឆ្នាំ​២០១៥​ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ចំនួន​៣​នាក់​ ក្រោយ​ពេល​ឃាត់ខ្លួន​ បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​លោក​ សៀម​ សុ​ត្ថា​វុ​ធ​ អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ ១-​ឈ្មោះ​ រឿង​ សម្ផស្ស​ ហៅ​ បាក់​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ២-​ ឈ្មោះ​ គង់​ ភា​រិ​ន​ ហៅ​ ម៉ៅ​ អាយុ​៣២​ឆ្នាំ​ និង​៣-​ឈ្មោះ​ ស៊ិ​ន​ ផ​ល្លី​ អាយុ​៣១​ឆ្នាំ​ ជា​កម្មករ​សំណង់​ រស់នៅ​ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ។​

​នគរបាល​បាន​សហការ​គ្នា​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ គង់​ ភា​រិ​ន​ ដកហូត​បាន​ម៉ា​ទឹក​ កក​៥​កញ្ចប់​ រួច​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ ។​

​យោង​តាម​របាយការណ៍​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ ឃើញ​ជនសង្ស័យ​ម្នាក់​នេះ​ ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​យ៉ាង​សកម្ម​ ហើយ​ឥឡូវ​កំពុង​នៅផ្ទះ​បង​ ស្រី​របស់​គេ​ លោក​ក៏​បាន​បញ្ជា​កម្លាំង​ចាប់ខ្លួន​ឆែកឆេរ​ក្នុង​កាបូប​ ក៏​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ ពណ៌​.​ស​ថ្លា​ ចំនួន​៥​កញ្ចប់​ រួច​ក៏​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​តែ​ម្តង​ ។​

​ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​រូប​នេះ​រួច​មក​ ទើប​សមត្ថកិច្ច​នគរបាល​ខណ្ឌ​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​នៅ​ថ្ងៃ​ដដែល​ ឈ្មោះ​ រឿង​ សម្ផស្ស​ នៅ​ឃុំ​ព្រែក​អញ្ចាញ​ ដកហូត​ថ្នាំ​ញៀន​ ៣​កញ្ចប់​ ហើយ​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​បក្ខពួក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រក​ឃើញ​ថ្នាំ​ញៀន​៨​កញ្ចប់​បន្ថែម​ទៀត​ ។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ ស៊ិ​ន​ ផ​ល្លី​ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​ជិត​១០​យប់​ ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​សង្កាត់​កោះដាច់​ រួម​ជាមួយ​វត្ថុ​តាង​ដកហូត​បាន​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច​ កាំភ្លើង​ច្នៃ​បាញ់​សត្វ​១​ និង​ឧបករណ៍​សម្រាប់​សេព​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​ ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា​ វត្ថុ​តាង​ដែល​ដកហូត​ពី​ជនសង្ស័យ​ទាំង​៣​នាក់​ រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​សរុប​ចំនួន​១៩​កញ្ចប់​តូច​ កាំភ្លើង​កែ​ច្នៃ​បាញ់​គ្រាប់កង់​១​ដើម​ ដាវ​សា​មូ​រ៉ៃ​១​ដើម​ ប្រាក់​រៀល​មួយ​ចំនួន​ និង​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ដើម្បី​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ ជ្រោយ​ពេជ្រ​

Chrouypich001-(3)

Chrouypich001

Chrouypich001-(1)

Chrouypich001-(2)