ព័ត៌មានទាន់ហេតុការណ៍៖

សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ស្នើ​ អភិបាល ខេត្ត ​ចាត់វិធានការ​ជន​យក​ដី​ប្រជាពលរដ្ឋ​

ខេត្តកំពង់ធំ​ ៖​ សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​យ៉ាង​ហោច​ណាស់​៥​រូប​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ លោក​ អ៊ុត​ សំ​អន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ចាត់វិធានការ​ទៅ​លើ​មន្ត្រី​សាលាខេត្ត​ដែល​រំលោភ​បំពាន​យក​ដី​ប្រជាពលរដ្ឋ​។​ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចំណាត់ការ​ទៅ​លើ​បុគ្គល​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​នោះ​នៅឡើយ​ទេ​។​ លិខិត​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ បាន​សរសេរ​ជម្រាប​ជូន​លោក​ អ៊ុត​ សំ​អន​ អភិបាលខេត្ត​កំពង់ធំ​មាន​ខ្លឹមសារ​ទាំងស្រុង​ថាៈ​

​យើងខ្ញុំ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ សូម​ជម្រាប​ជូន​លោក​អភិបាល​ជ្រាប់​ថា​ យើងខ្ញុំ​បាន​ទទួល​នូវ​សំណូមពរ​ និង​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ ស្នើ​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​មក​លោក​អភិបាល​ដើម្បី​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​បាន​នឹង​កំពុង​កើតឡើង​នៅ​ឃុំ​ចំណា​លើ​ ស្រុក​ស្ទោង​ ខណៈ​ដែល​ យើងខ្ញុំ​កំពុង​ដំណើរការ​វេទិការ​សាធារណៈ​នៅ​ទីនោះ​ កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​ ។​ ប្រជា​ ពលរដ្ឋ​ជា​ច្រើន​បាន​ថ្លែង​នៅ​ក្នុង​វេទិការ​នោះ​ថា​ សព្វ​ថ្ងៃនេះ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​ និង​កំពុង​រស់នៅ​ យ៉ាង​ភ័យ​ខ្លាច​ ដោយសារ​អាជ្ញាធរ​ឃុំ​-​ខេត្ត​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា​រឹបអូស​យក​ដីស្រែ​របស់​ពួក​គាត់​ រាប់រយ​ហិ​កតា​ ទៅ​លក់​ឲ្យ​ឈ្មួញ​ ។​

​ពួក​គាត់​បាន​បន្ត​ទៀត​ថា​ ថ្មីៗ​នេះ​អាជ្ញាធរ​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ បញ្ជូន​ទៅ​តុលា​រការ​ ខេត្ត​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​នេះ​ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ ។​ ពួក​គាត់​បាន​បន្ថែម​ទៀត​ថា​ តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ត្រូវ​បាន​តុលា​រការ​ខេត្ត​ កោះហៅ​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​ ២០១៥​ ។​

​យោង​តាម​លិខិត​ដែល​មាន​ស្នាម​មេដៃ​របស់​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ២៥​រូប​ ផ្ញើ​ជូន​លោក​ ទេស​រដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​លោក​ប្រធាន​គណៈកម្មការ​ទី​១​ នៃ​រដ្ឋសភា​ បាន​បញ្ជាក់​ថា​ ករណី​ទំនាស់​ដីធ្លី​ខាងលើ​នេះ​ គឺ​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​មួយ​ចំនួន​ដែល​រួម​មាន​ លោក​ ឡង​ គី​សឹង​ បច្ចុប្បន្ន​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ លោក​ លី​ គឹ​ម​ពា​វ​ បច្ចុប្បន្ន​ជានា​យក​ទី​ចាត់​ ការ​អន្តរ​វិស័យ​ លោក​ ឡុ​ច​ ប៊ុ​ន​ទត​ ជា​មេឃុំ​ចំណា​លើ​ លោក​ ខាត់​ គាច​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំណា​ លើ​ និង​ឈ្មួញ​ដែល​កំពុង​គ្រប់គ្រង​ដីស្រែ​ពួក​គាត់​ឈ្មោះ​ កាំ​ សា​រឿ​ន​ ។​

នៅ​ក្នុង​ខ្លឹមសារ​នៃ​លិខិត​នោះ​ បាន​អះអាង​ថា​ មន្ត្រី​ខាងលើ​នេះ​បាន​ឃុបឃិត​គ្នា​បន្លំ​លិខិត​ស្នាម​ គំរាមកំហែង​ រំលោភ​យក​ដីស្រែ​ពួក​ គាត់​ ចំនួន​៧៧០​ហិ​កា​តា​ ឲ្យ​ទៅ​ឈ្មួញ​ ព្រមទាំង​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​តុលាការខេត្ត​ ឲ្យ​ចេញ​ ដីកា​ចោទប្រកាន់​ និង​ដកហូត​យក​ដីស្រែ​ពួក​គាត់​ដោយ​រំលោភ​លើ​ ស​.​ជ​.​ណ​ របស់​សាលាខេត្ត​កំពង់ធំ​ ស​.​ជ​.​ណ​ របស់​រាជរដ្ឋាភិបាល​ និង​ចំណា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ។​

​យោង​តាម​លិខិត​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​នៅ​ឃុំ​ ចំណា​លើ​ កំពុង​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ពី​ក្រុម​មន្ត្រី​នៅ​សាលាខេត្ត​កំពង់ធំ​ដែល​ដឹកនាំ​ដោយ​ លោក​ ឡង​ គី​សឹង​ និង​សហសេវិក​ ។​ វា​មិនមែន​ជា​រឿង​លេងសើច​នោះ​ឡើយ​ដែល​ប្រជាពលរដ្ឋ​រក​ កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​,​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​គណៈកម្មការ​ទី​១​ នៃ​រដ្ឋសភា​ ។​

​លោក​ ឡង​គី​សឹង​ ដែល​មាន​ចំហាយ​ក្តៅ​ក្នុង​ខ្លួន​បាន​មក​កាន់​ការិយាល័យ​កាសែត​នគរវត្ត​ដោយ​ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ ហើយ​ថា​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ដែល​ប្តឹង​ លោក​នោះ​គឺជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណា​លើ​បាន​អះអាង​ថា​ បើ​គ្មាន​ភ្លើង​គឺ​គ្មាន​ផ្សែង​ទេ​ ។​ មាន​ន័យ​ថា​ ដំរី​ស្លាប់​មិន​អាច​យក​ចង្អេ​មក​បាំង​ឲ្យ​ជិត​បាន​ឡើយ​។​ ប្រជាពលរដ្ឋ​រំពឹង​ថា​ លោក​អភិបាល​ ខេត្តកំពង់ធំ​ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​ នឹង​ចាត់វិធានការ​ចំពោះ​មន្ត្រី​ដែល​ធ្វើបាប​ប្រជាពលរដ្ឋ​ ពោល​គឺ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​រាជរដ្ឋាភិបាល​ឫ​និយាយ​ឲ្យ​ខ្លី​គឺ​បណ្តាល​ឲ្យ​បាត់​សំឡេង​ឆ្នោត​ គណបក្ស​ប្រជាជន​កម្ពុជា​ ។​ ប្រជាពលរដ្ឋ​និយាយ​ថា​ទ​ង្វើ​របស់​ក្រុម​លោក​ ឡង​ គី​សឹង​ ចំពោះ​ប្រជា​ពល​ រដ្ឋ​នៅ​ឃុំ​ចំណា​លើ​ ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​បាត់​សន្លឹក​ឆ្នោត​ច្រើន​ណាស់​ ៕​

1

2