ព័ត៌មានទាន់ហេតុការណ៍៖

សម្ងំកើបលុយពីរបរលក់ខួរជ្រូកចំហុយ នាង ស៊ុំ សុម៉ាលី សុខចិត្តបោះបង់តំណែងតួឯក

ភ្នំពេញ៖ បាត់មុខពីការសម្តែងអស់មួយរយៈពេល ស្រាប់តែគេឃើញវត្តមានតារាសម្តែង ស៊ុំ សុម៉ាលី ដុតដៃដុតជើងជាមួយប្តីលក់ខួរជ្រូកចំហុយយ៉ាងកាក់កបនៅតំបន់រោងកុនអង្គរ ។ អាជីវកម្មផ្ទាល់ខ្លួនថ្មីនេះបានធ្វើឲ្យនាងសម្រេចចិត្តលុបចោលការថតកុនខ្នាតធំថ្មីរបស់ផលិតកម្មមួយក្នុងតំណែងតួឯកថែមទៀតផង ។

ក្រោយរៀបការ និងមានកូនស្រីម្នាក់ ស៊ុំ សុម៉ាលី បានបន្ថយការងារសិល្បៈ ព្រោះត្រូវជួយការងារប្តី មើលថែរក្សាកូន និងលក់ទំនិញតាមOlineផងដែរ ។ ក្នុងជំនួបចៃដន្យដែលនាងមិនសូមមានពេលទំនេរច្រើន នាងបានឆ្លៀតនិយាយបណ្តើរលក់បណ្តើរថា មុខរបរថ្មីដែលនាងនឹងប្តីបើកលក់នេះមានចំនួនមិនទាន់បាន៣ខែនៅឡើយទេ ប៉ុន្តែទទួលបានជោគជ័យច្រើន ។

នាងថា ការលក់ដូរចាប់ពីល្ងាចរហូតដល់ពាក់កណ្តាលអធ្រាត្រមែន ប៉ុន្តែនាងពេញចិត្តនឹងរបរថ្មីនេះ ព្រោះទទួលបានការសរសើរ និងគាំទ្រច្រើនពីអតិថិជន ។ នាងថា នាង និងប្តីបានសិក្សាជំនាញនេះជាយូរមកហើយលើការចម្អិនអាហារប្រភេទថ្មីដូចជា ខួរជ្រូកចំហុយ គួងជីង ហាវកាវ សៀវម៉ៃជាដើម បន្ថែមលើមីឆា បាយឆាដែលប្តីជំនាញស្រាប់ ហើយកន្លងមកនាង និងប្តីក៏សាកល្បងលក់ដែរ ហើយទទួលបានការគាំទ្រច្រើនទើបពង្រីកទីតាំងលក់តែម្តង ។

តារាស្រីរូបនេះ លើកឡើងដែរថា ទោះរវល់នឹងការងាររកស៊ី និងមើកខុសត្រូវកូន ប៉ុន្តែនាងនៅតែស្រឡាញ់សិល្បៈហើយក៏ឆ្លៀតពេលខ្លះចេញថតដែរទាំងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម សម្អាងការ និងរឿងខ្លីៗជាដើម ។ នាងថាកន្លងមកនាងបានបដិសេធមិនទទួលការថតភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មមួយព្រោះតែត្រូវចំណាយពេលថតច្រើនថ្ងៃ និងត្រូវទៅថតនៅខេត្តជាដើម ។

នាងថាមុខរបរនាងនៅខ្វះអ្នកជួយមើលនៅឡើយព្រោះតែភ្ញៀវច្រើនមិនលោះថ្ងៃ ទើបមិនអាចដើរចោលបាន ប៉ុន្តែនាងពិតជាស្តាយឱកាសសម្តែង ដែលប្តីនាងក៏មិនដែលហាមឃាត់នឹងអាជីពចាស់នេះដែរ ។ នាងមិនបានបញ្ជាក់ទេថាតើអាជីវកម្មថ្មីរបស់នាងទទួលបានប្រាក់ចំណូលច្រើនប៉ុណ្ណានោះទេ ប៉ុន្តែនាងបញ្ជាក់ថា បានច្រើនគួរសម លើសពីអ្វីដែលនាង និងប្តីរំពឹងទុក ។

នាងរំពឹងដែរថាក្រោយ ក្រោយរឹងមាំ និងមានបុគ្គលិកអាចជួយសម្រាលការងារបានច្រើនសមល្មម នាងនឹងសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខនាង៕ វឌ្ឍនា