ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាប បទល្មើស ទាន់ពេលវេលា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើង ដោយបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន ។

អង្គភាពចំនួន៤នោះរួមមាន ៖ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃផងដែរ សម្តេចក្រឡាហោមថា៖ យ៉ាងណាក៏ដោយ បទល្មើសជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធជាមួយជនជាតិចិន ក៏ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបង្ក្រាប រហូតមានចាប់ខ្លួនជនល្មើសបានជាច្រើនផងដែរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងដែរថា នៅខេត្តព្រះសីហនុ កំពុងតែមានសកម្មភាពជួញដូរ ការអភិវឌ្ឍ ហើយក៏មានភ្ញៀវទេសចរណ៍ ច្រើននៅទីនោះដែរ ដែលមកយ៉ាងគំហុកគួរឲ្យកត់សម្គាល់ ។ ដោយរយៈពេលខ្លីចុងក្រោយនេះ ភ្ញៀវទេសចរណ៍បានសម្រុកទៅលេងខេត្តព្រះសីហនុយ៉ាងច្រើន ជាពិសេសជនបរទេស ក្នុងនោះភាគច្រើនជាជនជាតិចិនតែម្តង ។សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ធម្មតាទេថាជនជាតិណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ វាតែងតែមានអ្នកល្អ អ្នកអាក្រក់ ហើយក្នុងពេលដែលស្ថានភាពនៅទីនោះ មិនទាន់បានរៀបចំស្រួល ឲ្យបានសមស្របនៅឡើយទេ អញ្ចឹងបង្កើតនូវបញ្ហាមួយចំនួន ដូចជាបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថានអនាម័យ ។ យើងដឹងហើយថា ទឹកសមុទ្រដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជាយើង ក៏ដូចជាភ្ញៀវអន្តរជាតិ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ ឲ្យបានគ្រប់ជ្រុងជ្រោយទេ វាអាចធ្វើឲ្យទឹកសមុទ្រក្លាយជាសមុទ្រដល់ប្រើមិនកើត ។ នេះជាការបារម្ភរបស់យើង» ។

សម្តេចក្រឡោហោម បានបន្តទៀតថា៖ ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានចាត់ស្នើឲ្យមានក្រុមចុះអង្កេតម្តងហើយ ដើម្បីចុះស្រាវជ្រាវ នៅខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ ក៏មានការអំពាវនាវពីអន្តរក្រសួង ដោយស្នើទៅប្រមុខរាជរដ្ឋាភិបាល ហើយប្រមុខរាជរដ្ឋាភិបាលក៏បានឯកភាព ប្រគល់ភារកិច្ច ឲ្យក្រសួង-ស្ថាប័ននីមួយៗ ធ្វើតាមតួនាទីភារកិច្ច របស់ខ្លួនផងដែរ ។សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា «ប៉ុន្តែសម្រាប់ក្រសួងមហាផ្ទៃ ដែលមានការទទួលខុសត្រូវច្រើន អញ្ចឹងស្នើថា យើងនឹងរៀបចំក្រុមការងារមួយ ដើម្បីទៅគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលក្នុងនោះ ខ្ញុំគិតថាមានអគ្គនាយកដ្ឋាន៤ ដែលដើរតួ មាន អគ្គរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយនិងក្រុមអ្នកច្បាប់ ។ រៀបចំជាក្រុមមួយហៅថាក្រុមប្រតិបត្តិការ ឬក៏ក្រុមគាំទ្រ ។ ប៉ុន្តែមិនមែនថា ក្រុមគាំទ្រទៅធ្វើជំនួសរដ្ឋបាល ខេត្តព្រះសីហនុទេ ក៏ប៉ុន្តែទៅគាំទ្រជួយដោះស្រាយនូវបញ្ហាទាំងឡាយណា ដែលខេត្តមិនមានលទ្ធភាព រាប់ទាំងការបង្ក្រាបបទល្មើស ទៅនោះផង» ។

សូមបញ្ជាក់ដែរថា នៅក្រុង-ខេត្តព្រះសីហនុ បទល្មើសចុងក្រោយដែលបានកើតឡើង ហើយត្រូវបានកម្លាំងនគរបាលបង្ក្រាបទាន់ពេលវេលានោះ គឺការចាប់បង្ខាំងជនជាតិចិនធ្វើទារុណកម្ម ដែលបង្កដោយជនជាតិចិនគ្នាឯង ។ ក្នុងនោះកម្លាំងនគរបាលបានរំដោះជនរងគ្រោះប្រុសស្រី២នាក់ និងចាប់ជនល្មើសចំនួន៤នាក់ ជាជនជាតិចិនផងដែរ ៕ តាឡឹម