ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ២០១៧

ប៉េកាំង៖ នៅរសៀលថ្ងៃ១៦ ឧសភា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង វេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងវេទិកានេះ មានការចូលរួមពីសំណាក់ពាណិជ្ជករ អ្នកវិនិយោគគិនមកពីបណ្ដាក្រុមហ៊ុនធំៗជាច្រើនរបស់ចិន ព្រមទាំងមន្រ្តី សំខាន់ៗដែលពាក់ព័ន្ឋការងារពាណិជ្ជកម្ម និងទេសចរណ៍។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ អបអរសាទរ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មនិងក្រសួងទេសចរណ៍របស់ប្រទេសចិន ជាមួយ ក្រសួងពាណិជ្ជកម្មនិងក្រសួងទេសចរណ៍ប្រទេសប្រទេសកម្ពុជា ដែលបានបង្កើតវេទិកានេះដើម្បីផ្តល់ឱកាសសំរាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរបានជួបពិភាក្សា និងស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពល ពាណិជ្ជកម្មនិងទេសចរណ៍ ព្រមទាំងជាការរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ វិនិយោគ និងវិស័យផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានធ្វើកំណែទម្រង់ស៊ីជម្រៅអភិបាលកិច្ចប្រទេសចិន ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ ខ្សែក្រវាត់ និងផ្លូវសម្រាប់ដែលមិនត្រឹមដើរតួនាទីគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនប៉ុណ្ណោះទេ តែក៏ជាការគិតគូរវែងឆ្ងាយសំដៅលើកម្ពស់ការតភ្ជាប់និងកិច្ចសហប្រត្តិការលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងរវាងប្រជាជន និងប្រជាជន ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកកផងដែរ ដែលបង្កើតបាននូវ ក្បាលម៉ាស៊ីនថ្មីមួយក្នុងការអូសទាញកំនើនសេដ្ឋកិច្ចពិភពលោកថែមទៀត ។

ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា និងចិន បានកើនឡើងយ៉ាងឆាប់រហ័សជាមធ្យម២៦% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីកើនដល់៤,៨ ប៊ីលានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំ ៨៣០ លានដុល្លារ អាមេរិនាំចូលមានប្រមាណ ៣,៩ ប៊ីលានដុល្លារ ។

NKD-36x6_outline

ចិនជាប្រទេសវិនិយោគធំជាងគេ នៅកម្ពុជា ដែលគិតត្រឹមឆ្នាំ២០១៦ វិនិយោគរបស់ចិនកើនដល់ ៥,១ ប៊ីលានដុល្លារដែលផ្តោតលើវិស័យមួយចំនួន ដូចជា កម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គសនី។ ចំណែកភ្ញៀវទេសចរណ៍ចិនមកកម្ពុជាបានកើនដល់ ៨៣០,០០០ នាក់នៅឆ្នាំ២០១៦ គឺកើន២០%បើធៀបឆ្នាំ២០១៥ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានឹងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅតាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសចិន ដើម្បីអាចដាក់តាំងនូវផលិតផលគំរូរបស់កម្ពុជា, សៀវភៅ, ឯកសារផ្សេងៗពាក់ព័ន្ធនឹងពាណិជ្ជកម្ម, ទេសចរណ៍, វប្បធម៌ និងការវិនិយោគនៅកម្ពុជា បង្ហាញ និងផ្សព្វផ្សាយព័ត៌មានទៅវិញទៅមក សម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងអ្នកវិនិយោគចិន។

ក្នុងរយៈពេល ២ទសវត្សកន្លងទៅនេះ កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចដ៍រឹងមាំ ពោលគឺ៧,៧% ក្នុង១ឆ្នាំ និងរំពឹងថា នឹងបន្តរក្សាបាននូវអត្រាកំណើនមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ក្នុងរយៈពេលមធ្យមខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវអោយអ្នកវិនិយោគទាំងអស់ ចូលរួមជាដៃគូវិនិយោគនៅកម្ពុជា និងសូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយសម្រួលដល់ការវិនិយោគ ពិសេសគឺសន្តិភាព, សន្តិសុខ និង ស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនីភាព និងភាពអាចប៉ាន់ប្រមាណបាន។

នៅចុងបញ្ចប់, សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់ពាណិជ្ជករ និងអ្នកវិនិយោគិន ទាំងអស់ ទទួលបានជោគជ័យក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ