ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបក្មួយៗសិស្សានុសិស្សនិទ្ទេស (A) ៤០៥នាក់ នៅវិមានសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស (A) ឆ្នាំ២០១៦ ទាំងអស់ចំនួន ៤០៥នាក់ នៅវិមានសន្តិភាព ។ នៅក្នុងឱកាសនេះ ក៏មានវត្តមានឪពុកម្តាយ លោកគ្រូអ្នកគ្រូ លោកនាយក និងតំណាងអាជ្ញាធរខេត្ត ដែលមានសិស្សជាប់និទ្ទេស (A) ចូលរួមផងដែរ។

នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នេះ មានសិស្សសរុបចំនួន ៥៥,៧៥៣ នាក់បានប្រឡងជាប់ ក្នុងនោះមានសិស្សនារី ២៨,៨០៧នាក់ និងសិស្សបុរស២៦,៩៤៦នាក់។ នេះគឺ បង្ហាញអោយឃើញពីការលើកកំពស់ស្រ្តី និងការរីកចម្រើនយេនឌ័រ(Gender)នៅកម្ពុជា។ ជាមួយគ្នា នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានកត់សម្គាល់ឃើញថាះ

១)-កំណែទម្រង់វិស័យអប់រយៈពេល៣ឆ្នាំកន្លងមកនេះ គឺកំពុងផ្តល់នូវផ្លែផ្កាជាក់ស្តែង ដែលកាលប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំទី១ (២០១៤) មានសិស្សជាប់និទ្ទេស (A) ១១ នាក់, ឆ្នាំទី២ (២០១៥) មាន១០៨ នាក់, និងឆ្នាំទី៣ (២០១៦)នេះមានសិស្សនិទ្ទេស (A) ចំនួន៤០៥ នាក់។

២)-ទន្ទឹមនឹងការរីករាយអបអរសារទរចំពោះសិស្សនិទ្ទេស (A) ទាំងអស់ សម្តេច តេជោ ក៏បានអបអរសាទរដល់សិស្សដែលបានប្រឡងជាប់ទាំងអស់ (៥៥,៧៥៣) នាក់ និងបានសំដែងការសោកស្តាយចំពោះក្មួយៗដែលមិនបានជាប់។ ពេលវេលាមិនទាន់ហួសទេ សូមក្មួយៗខិតខំរៀនសូត្របន្តទៀតនៅឆ្នាំក្រោយ ព្រោះថា “ចេះបានជាប់”។

៣)-សម្តេចតេជោនាយករដ្ឋមន្រ្តីសប្បាយរីករាយដែល ដែលកាលពីពេលថ្មីកន្លងមកនេះ សម្តេចតេជោ បានអញ្ជើញចុះជួយរៀបចំតម្រង់ភូមិសាស្រ្តអប់រំនៅតាមបណ្តាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលអោយក្មួយៗក្នុងការសិក្សា។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចតេជោ បានអញ្ជើញធ្វើដំណើរ លើផ្លូវចំងាយជាង ១,២៥២គម នៅខេត្ត រតនគិរី, មណ្ឌលគិរី , ស្ទឹងត្រែង, ព្រះ វិហារ និង កំពង់ធំជាដើម។ តាមរយៈការចុះពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនេះ សម្តេចតេជោ និងសប្បុរសជនបានផ្តល់បន្ថែមនូអាគារសិក្សា (បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ជាច្រើនខ្នងថែមទៀតដល់គ្រឹះស្ថានសិក្សានៅតាមបណ្តាខេត្តអោយសិស្សកាន់តែងាយស្រួលក្នុងការធ្វើដំណើរមកសិក្សា។

៤)-សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះប្រជាពលរដ្ឋ សហការី គ្រប់ភាគីនយោបាយ និងអ្នកកសាងសន្តិភាពទាំងអស់ ដែលទទួលយកនយោបាយ ឈ្នះ-ឈ្នះ ដែលបានផ្តល់អោយកម្ពុជាមាន ឱកាសអភិវឌ្ឍ ជាពិសេសឱកាសបណ្តុះបណ្តាលធនធានមនុស្ស។ គ្មានសន្តិភាពគឺមិនចាំបាច់និយាយពីអ្វីទាំងអស់។

NKD-36x6_outline

៥)-សម្តេចតេជោ ហ៊ុន សែន បានកោតសសើរដល់ក្រសួងអប់រំយុវជននិងកីឡា ដែលបានធ្វើការកែទម្រង់វិស័យអប់រំដែលពេលនេះកំពុងទទួលផល។ សម្តេច តេជោ ក៏បានអរគុណមន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចែក រំលែកធនធាននិងថិកាផ្ទាល់ខ្លួនដើម្បីផ្តល់នូវការបំប៉នការសិក្សាដល់សិស្សនៅតាមខេត្តដើម្បីត្រៀមប្រឡង។

៦)-នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចនិងបញ្ជាក់ច្បាស់ថា ចំពោះសិស្សដែលប្រឡងជាប់បាននិន្ទេសអ្វីក៏ដោយ (A, B, C, D,E) គឺត្រូវតែប្រឡង ប្រសិនបើមានបំណងចង់ធ្វើជាគ្រូបង្រៀន។ មិនមានការផ្តល់អោយជាប់ជាស្វ័យប្រវត្តិទៀតឡើយ។

ចំពោះក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស (A)ទាំង ៤០៥ នាក់នៅឆ្នាំ២០១៦នេះ គឺម្នាក់ៗបានទទួលថវិកា ២លានរៀល និង SumsungTablet ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលយកមកវិញពីប្រទេសហូឡង់) ចំនួន១ ជាអនុស្សាវរីយ៍។ ក្រៅពីនេះ នៅតាមបណ្តាខេត្តមួយចំនួនក៏មានការឧបត្ថម្ភលើកទឹកចិត្តជា ម៉ូតូ និងសម្ភារៈសិក្សាជាច្រើនទៀតពីអាជ្ញាធរ និងមន្រ្តីរាជរដ្ឋាភិបាលដល់សិស្សនិទ្ទេស (A) ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណដល់មន្រ្តីក្រសួងមន្ទីរអប់រំ លោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស អាជ្ញាធរដែនដី និងមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ ដែលបានចូលរួមពង្រឹងវិស័យអប់រំជាតិអោយកាន់តែមានកម្រិតគុណភាពល្អ។

នៅពេលនេះសាលារៀន ក៏កើតមានកាន់តែច្រើនឡើងនៅទូទាំងប្រទេស សូមមាតាបិតា អាណាព្យាបាល ចូលរួមទទួលខុសត្រូវ គឺត្រូវបញ្ជូនកូនទៅចូលរៀនអោយបានគ្រប់ៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី មិនបណ្តោយទុកអោយកុមារកម្ពុជាអភ័ព្វមិនបានចូលរៀនដោយសារខ្វះសាលារៀននោះឡើយ៕

 

1 2 4 3 5

13413928_1105772689483917_530224842_n