ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោក្រើនរំលឹកសមាជិកបក្សប្រឹងប្រែងបម្រើពលរដ្ឋថែមទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជាបានថ្លែងជំរុញឲ្យសមាជិក សមាជិកាបក្សទាំងអស់ត្រួវរួមគ្នាប្រឹងប្រែងបម្រើការងារប្រជាពលរដ្ឋម្ចាស់ឆ្នោតទ្វេដង បើទោះបីមិនមានវត្តមានអតីតគណបក្ស សង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយត្រូវបានគេចាត់ទុកថាជាដៃគូប្រកួតប្រជែងដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជានោះក្តី ។

នៅចំពោះមុខថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសរុបជាង២ពាន់នាក់ក្នុងមហាសន្និបាតវិសាមញ្ញតំណាងបក្សទូទាំងប្រទេសថ្ងៃទី២កាលពីព្រឹកថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីមូលហេតុមួយចំនួន ដែលនាំឲ្យមានចំណាត់ការផ្លូវច្បាប់ចំពោះគណបក្សសង្គ្រោះជាតិរហូតដល់ត្រូវរំលាយចោលតាមអំណាចតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ និងមានការហាមឃាត់ថ្នាក់ដឹកនាំបក្ស១១៨ រូបមិនឲ្យធ្វើសកម្មភាពនយោបាយជាដើមនោះ ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះ គណបក្សប្រឆាំងមួយនេះក៏ព្រោះតែពួកគេបានព្យាយាមឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែល នឹងទាញប្រទេសធ្លាក់ទៅក្នុងវិនាសកម្ម ដូចពីអតីតកាល ។

បើទោះបីលែងមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតការបោះឆ្នោតយ៉ាងណាក្តីតែប្រមុខបក្សកាន់អំណាច និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ក្នុងមហាសន្និបាតបានដាក់ចេញផែនការ ការងារសម្រាប់អនុវត្តនៅឆ្នាំ២០១៨-២០២៣នេះនៅតែបន្តក្រើនរំលឹកនិងដាស់តឿនសមាជិកសមាជិកាទាំងអស់ឲ្យប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិ ។

ប្រមុខបក្សប្រជាជនកម្ពុជាដែលបានឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៣ឆ្នាំរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះ ថា«រឿងធំជាងគេត្រូវក្តាប់ឲ្យបានយកស្មារតីនៅក្នុងសន្និបាតនេះគឺជាស្មារតីធំជាងគេ មិនមែនទណ្ឌកម្ម ឬក៏ការគាបសង្កត់អន្តរ ជាតិទេគឺការគាបសង្កត់ក្នុងចិត្តសាស្រ្តនៃមន្ត្រីបក្សយើងទាំងថ្នាក់លើ និងថ្នាក់ក្រោម យល់ថាដៃគូប្រកួតរលត់ហើយលែងខិតខំ នេះជាជំងឺគ្រោះថ្នាក់ហើយគ្រោះថ្នាក់ត ជំនាន់ទៅទៀត» ។

ជាការកត់សម្គាល់ក្រោយការរំលាយ គណបក្សសង្គ្រោះជាតិមានបរទេសជាច្រើន ដូចជាអាមេរិក និងសហភាពអឺរ៉ុបផងដែរ គំរាមដាក់ទណ្ឌកម្មមកលើកម្ពុជា។ ចំពោះសមាជិកសមាជិការបស់ខ្លួនសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់ពួកគេថា សារគំរាមដាក់ទណ្ឌកម្មរបស់បរទេសមិនបានធ្វើឲ្យសម្តេចព្រួយបារម្ភនោះឡើយ ។

មិនព្រួយបារម្ភក៏ព្រោះកម្ពុជាធ្លាប់រងការដាក់ទណ្ឌកម្មរួចម្តងមកហើយនៅទសវត្សរ៍ឆ្នាំ៨០រហូតដល់មុនពេលមានកិច្ចចរចា សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តែកម្ពុជានៅតែអាចតស៊ូជម្នះបាន។ បើ តាមសម្តេចតេជោបើប្រៀបធៀបស្ថានភាពពេលបច្ចុប្បន្នជាមួយទសវត្សរ៍ឆ្នាំ៨០គឺ ខុសគ្នាឆ្ងាយណាស់ ។

ប្រមុខបក្សកាន់អំណាច និងបានធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៥មកនោះបានលើកឡើងថា កាលពីទសវត្សរ៍ឆ្នាំ៨០ អាមេរិក អឺរ៉ុប ចិន ជប៉ុន រួមទាំងប្រទេសក្នុងតំបន់អាស៊ានផងដែរបានរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា តែបច្ចុប្បន្នចិន ជប៉ុន អង់គ្លេស បារាំង និងបណ្តាប្រទេសក្នុងតំបន់មិនបានគំរាមដាក់ទណ្ឌកម្មមកលើកម្ពុជាឡើយ ។

សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា បើទោះបីសភាអឺរ៉ុបគំរាមដាក់ទណ្ឌកម្ម តែរដ្ឋាភិបាលអឺរ៉ុបប្រកាន់គោលការណ៍កុងសង់ស៊ីស ដូច្នេះក៏មិនប្រាកដថាអាចអនុវត្តការដាក់ទណ្ឌកម្មមកលើកម្ពុជាបាននោះដែរ ៕ ហេង សូរិយា