ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបញ្ជាក់ហេតុផល៥យ៉ាងដែលសម្រេចលុបចោលប្រការ៤៨ថ្មី(៣)

ភ្នំពេញ៖ រដ្ឋសភាបានដំណើរការកិច្ចប្រជុំវិសាមញ្ញក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិកាសភាសរុប៦៧រូបមកពីគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក៏មានវត្តមាននៅក្នុងកិច្ច ប្រជុំវិសាមញ្ញ រដ្ឋសភាកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នោះដែរ។ កិច្ចប្រជុំ វិសាមញ្ញរដ្ឋសភាបានអនុម័តលុបប្រការ ៤៨ថ្មី(៣)នេះចោល។

លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានឱ្យដឹងថា ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋ សភាត្រង់ជំពូក១២ មាត្រា៤៨ថ្មី(៣) ប្តូរ ទៅជាប្រកា៤៨ថ្មី(៤)នៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភាបានចែងថា សមាជិកសភា១០រូប មានសិទ្ធិបង្កើតជាក្រុមតំណាងរាស្រ្តមួយនៅក្នុងសភាដោយមានប្រធានម្នាក់ និង អនុប្រធានម្នាក់ ។

លោកបានបន្ថែមថា គណបក្សទាំង ឡាយណាដែលមានសមាជិកតិចជាង១០ នាក់នៅក្នុងសភាមានសិទ្ធិជ្រើសរើសយក ក្រុមណាមួយដើម្បីចូលរួម ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជា អ្នកផ្តួចផ្តើមពីដំបូងឲ្យមានការធ្វើវិសោធនកម្មប្រការ៤៨ថ្មី(៣)នៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភា និងសុំឲ្យមានធ្វើវិសោធនកម្មប្រការ ៤៨ថ្មី(៣) មិនឲ្យមានសំឡេងភាគតិច ភាគច្រើននោះបានពន្យល់ទៅកាន់កិច្ចប្រជុំ វិសាមញ្ញក្នុងរដ្ឋសភាថាមានហេតុផល៥យ៉ាងដែលនាំឲ្យឈានទៅដល់ការសម្រេចលុបចោលប្រការ៤៨ថ្មី(៣)នេះ។

ហេតុផល៥យ៉ាងនោះរួមមាន៖ ១- បញ្ចប់ការបកស្រាយខុសគ្នាប្រការ៤៨ថ្មី (៣)នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា, ២-បញ្ចប់ ការបំពានអំណាចតុលាការតាមរយៈប្រការ ៤៨ថ្មី(៣), ៣-បញ្ចប់វប្បធម៌សំឡេងភាគ តិចយកសំឡេងភាគច្រើនធ្វើជាចំណាប់ ខ្មាំង, ៤-បញ្ចប់ការចោទប្រកាន់ថា គណ បក្សប្រជាជនកម្ពុជាមិនចង់ជួបចរចា, ៥- មិនចាំបាច់ចំណាយថវិការដ្ឋក្នុងការទិញ រថយន្តនិងសម្ភារធ្វើការរបស់ក្រុមសំឡេងភាគច្រើន និងក្រុមសំឡេងភាគតិច ។

សម្តេចតេជោបានពន្យល់រឿងដក តំណែងនោះថា «គេថាថ្ងៃនេះគេដក តំណែង កឹម សុខា ឬដកតំណែងខាង សង្គ្រោះជាតិ ខ្ញុំសូមបញ្ជាក់រឿងមាត្រានេះ វាទាក់ទិនទាំងសំឡេងទាំងអស់ដែលមានអាសនៈក្នុងសភាទាំងប៉ុន្មានគឺនឹងត្រូវមាន ប្រធានក្រុមតំណាងរាស្ដ្រទាំងអស់។ រាប់ ទាំងថ្ងៃនេះគឺសំឡេងភាគច្រើនសម្ដេច ក្រឡាហោម អនុប្រធាន គាត ឈន់ អនុ ប្រធាន ម៉ែន សំអន ហើយចេញមកគេទៅ ឆ្កួតអស់អ៊ីចឹងបើថាអ្នកនយោបាយឡប់ កាសែតកុំឡប់» ។

សម្តេចតេជោបានលើកឡើងទៀតថា វប្បធម៌សន្ទនានៅតែបន្តទោះបីជាគ្មាន ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគ ច្រើន-ភាគតិចក្នុងរដ្ឋសភាក៏ដោយក៏ធ្វើឡើងតាមរយៈគណៈអចិន្ត្រៃយ៍សភាដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជាបន្តថា «វប្បធម៌សន្ទនា នៅតែមានប៉ុន្តែមានតាមណា? មានតាម គណៈអចិន្ត្រៃយ៍សភានោះទៅនិយាយគ្នាទៅគណៈអចិន្ត្រៃយ៍សភាមានអស់លោក តើ តែអស់លោកមិនព្រមមកថ្ងៃក្រោយ មិនបាច់និយាយជាមួយតែម្ដងទៅ តែយើង នៅតែនិយាយឲ្យតែគេមក តើយើងនិយាយ ជាមួយអ្នកណាបើគេអត់នៅផង?» ។

NKD-36x6_outline

បញ្ហាអ្នកទោសនយោបាយវិញសម្ដេច តេជោបានថ្លែងបញ្ជាក់ថា នៅកម្ពុជាគ្មាន អ្នកទោសនយោបាយទេមានតែអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌហើយជាប់គុក។ សម្ដេចតេជោអះអាងថា «ខ្ញុំសូម ប្រកាសសាជាថ្មីម្ដងទៀតថា កម្ពុជាអត់ មានអ្នកទោសនយោបាយទេ មានតែអ្នក នយោបាយប្រព្រឹត្តនូវបទល្មើសព្រហ្ម ទណ្ឌ ហើយក៏ជាប់ទោសដូច្នេះមិនអាចយក មកឡូកឡំគ្នាបានទេ»។ សម្ដេចតេជោក៏បានស្នើសភាធ្វើវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយមិនឲ្យអ្នកមានទោស ធ្វើប្រធានគណបក្សណាមួយនោះទេ។

សម្ដេចតេជោថ្លែងបន្តទៀតថា «ត្រូវចាំបាច់ធ្វើវិសោធនកម្មច្បាប់ស្ដីពីបក្សនយោ បាយក៏ត្រូវតែធ្វើវិសោធនកម្ម៥០បូក១ដែរ ដាក់ថា អ្នកដែលមានទោសអត់មានសិទ្ធិ ធ្វើប្រធានបក្សនយោបាយដាក់ទៅ! ខ្ញុំ មានសំណូមពរធ្វើអាហ្នឹង ដើម្បីឲ្យវាអស់ សិទ្ធិតែម្ដងទៅ! លោកប្រធានៗអីទៀត! អ្នកមានទោសគឺអត់មានសិទ្ធិធ្វើប្រធាន បក្សនយោបាយ» ។

សម្ដេចតេជោក៏បានផ្ដាំផ្ញើទៅសកម្ម ជននិងមន្រ្តីគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារគ្រប់រូបហើយត្រូវបានលោក កឹម សុខា សន្យាជួយឲ្យបានចេញពីពន្ធ នាគារត្រូវទៅទារពីលោក កឹម សុខា ទៅកុំ មកទារពីសម្ដេច។ សម្ដេចតេជោបានថ្លែង បញ្ជាក់ថា «អារឿងអ្នកដែល កឹម សុខា សន្យាថារួចពីគុកទៅទារ កឹម សុខា ទៅ កុំទារ ហ៊ុន សែន ព្រោះអ្នកឯងបានសន្យា ជាមួយខ្ញុំថា៣ថ្ងៃក្រោយអ្នកឯងនឹងធ្វើអ្នកឯងអត់បានធ្វើតាមការសន្យាខ្ញុំក៏មិនធ្វើអ្វី ទាំងអស់។ អ្នកឯងជាប់គុកប៉ុន្មានទាល់តែ ២ភាគ៣ ហើយទើបមានសិទ្ធិពិនិត្យ ខ្ញុំមិនប្រើច្បាប់ពន្ធនាគារដើម្បីសុំការលើកលែងទោសឲ្យអ្នកណាទាំងអស់»។ ប៉ុន្តែករណី នេះត្រូវបានលោក សុន ឆ័យ ឆ្លើយតបថា លោកមិនយល់ស្រប ចំពោះការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជានោះទេ ។

សូមបញ្ជាក់ថា ក្រុមតំណាងរាស្រ្តមតិ ភាគច្រើនដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងលោក សម រង្ស៊ី ជាប្រធានក្រុមតំណាងរាស្រ្តភាគតិចត្រូវបាន

បង្កើតឡើងក្រោយបញ្ចប់បញ្ហានយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយ១ឆ្នាំនៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ ដែលក្រោយបញ្ចប់ការបោះឆ្នោត មានបញ្ហាប្រទាំងប្រទើសគ្នារវាងបក្សទាំង ២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជាក្លាយជាដៃគូសន្ទនាជាមួយលោក សម រង្ស៊ី។ ប៉ុន្តែបន្ទាប់ពីមានបញ្ហា រវាងគណបក្សទាំង២ក្រុមតំណាងរាស្រ្ត បក្សប្រឆាំងបានគាំទ្រឲ្យលោក កឹម សុខា ធ្វើជាប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច ជំនួសលោក សម រង្ស៊ី វិញ។ ដូច្នេះ លោក កឹម សុខា បានរបូតតំណែង២ហើយ នៅក្នុងរដ្ឋសភាគឺដំណែងអនុប្រធានទី១ រដ្ឋសភា និងប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច ៕ ហេង សូរិយា

hun sen