ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោស្នើកែប្រែច្បាប់ស្តីពីបក្សនយោបាយដោយកំណត់ថាអ្នកមានទោសមិនអាចធ្វើប្រធាន ឬអនុប្រធានបក្សឡើយ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបានថ្លែងថា មានការកោះប្រជុំមួយកាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីជជែកពិភាក្សាលើការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយនៅ កម្ពុជាដែលអាចកំណត់លក្ខខណ្ឌតឹងរឹុង ជាងមុនដោយមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិតទៅធ្វើជាប្រធាន ឬអនុ ប្រធានបក្សនយោបាយនោះឡើយ ហើយបើទោសធ្ងន់ធ្ងរអាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជា អធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យ ជាតិគ្រប់គ្រងកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៧ នោះវាបានហួសសម័យកាលទៅហើយ។ ក្នុងច្បាប់ស្តីពីគណបក្សនយោបាយដែល គ្រោងនឹងធ្វើវិសោធនកម្មនេះសម្តេចតេជោ ចង់ឲ្យមានការកំណត់លក្ខខណ្ឌឲ្យបាន តឹងរឹុងទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយ ពោលគឺអ្នកដែលមានទោសទណ្ឌ ឬ ជាទណ្ឌិតមិនអនុញ្ញាតឲ្យធ្វើប្រធាន ឬអនុ ប្រធានបក្សនយោបាយនោះឡើយ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ចង់ឲ្យ កំណត់ទៀតថា ប្រសិនបើថ្នាក់ដឹកនាំបក្សនយោបាយណាបានសាងកំហុសធ្ងន់ធ្ងរខ្លាំងគឺឈានដល់ការរំលាយបក្ស និងបញ្ឈប់ សកម្មភាពនយោបាយរបស់គណៈកម្មការនាយករបស់បក្សថែមទៀតផង ។

សម្តេចតេជោមានប្រសាសន៍ថា «អា ទោសទណ្ឌហ្នឹងក៏វាស្រាលដែរខ្ញុំថាយកតាមថៃហ្មងអាណាធ្វើខុសធ្ងន់រំលាយបក្សចោលតែម្តង។ ដាក់អាហ្នឹងយកហ្មងខុស ធ្ងន់រំលាយបក្សចោលតែម្តង ព្រោះកុំឲ្យវា ខូចពេក ហើយក្នុងពេលរំលាយក្នុងគណៈកម្មការនាយកទាំងប៉ុន្មានបាត់សិទ្ធិទាំង អស់ហាមឃាត់៥ឆ្នាំមិនឲ្យធ្វើនយោបាយ»។

NKD-36x6_outline

សម្តេចតេជោក៏ចង់ឲ្យមានការកំណត់ រយៈពេលរំលាយគណបក្សនយោបាយទាំង ឡាយណាដែលបានស្នើសុំបង្កើតបក្ស នយោបាយហើយ តែមិនអាចរកស្នាមមេដៃអ្នកគាំទ្រឲ្យបាន៤ពាន់នាក់ផងដែរ ។

សម្តេចតេជោបានថ្លែងថា «បក្សនយោបាយខ្លះបង្កើតឡើងគ្រាន់តែសុំសេចក្តី សម្រេចពីក្រសួងមហាផ្ទៃបង្កើតតែរកតែសំឡេងរកតែមេដៃ៤ពាន់នាក់ដាក់ឲ្យ ក្រសួងមហាផ្ទៃរកអត់បានរួចអ៊ីចឹងទុកនៅសុទ្ធតែប្រធានបក្ស។ អ៊ីចឹងទេត្រូវដាក់ កំណត់ថា ប៉ុន្មានខែ៦ខែ ឬ៧ខែបើរកមេដៃ ដាក់មិនបានទេបានន័យថា សេចក្តីសម្រេចនោះចាត់ទុកជានិរាករណ៍ចោលតែម្តង»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ បន្ថែមថា ការធ្វើវិសោធនកម្មនេះមិនមែនធ្វើសម្រាប់គណបក្សប្រជាជនកម្ពុជា ឬ គណបក្សនយោបាយណាមួយនោះទេគឺសម្រាប់គ្រប់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានជំរុញ ឲ្យការធ្វើវិសោធនកម្មសម្រេចឲ្យបានឆាប់ផងដែរ ។

ជាការកត់សម្គាល់សំណើឲ្យមានការធ្វើ វិសោធនកម្មលើច្បាប់ស្តីពីគណបក្សយោបាយកំណត់មិនឲ្យអ្នកមានទោសធ្វើជា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ នេះបានធ្វើឡើងចំពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុង មានពិរុទ្ធ និងទោសទណ្ឌក្នុងបណ្តឹងបរិហារ កេរ្តិ៍ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលត្រូវតុលាការកំពូលផ្តន្ទា ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ។

ប្រសិនបើការធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយនេះទទួលបានជោគជ័យ និងចូលជាធរមានហើយនោះ ប្រាកដណាស់ថា លោក សម រង្ស៊ី នឹង ប្រឈមការបាត់បង់តំណែងជាប្រធាន គណបក្សសង្គ្រោះជាតិ ៕ ហេង សូរិយា

abc