ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោស្នើឲ្យមេដឹកនាំអាស៊ាន-ឥណ្ឌាកំណត់ទិសដៅអនាគតលើការងារសំខាន់ៗ៦ចំណុច

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានស្នើឲ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌាក្នុងការពិចារណាកំណត់ទិសដៅអនាគតលើការងារសំខាន់ៗចំនួន៦ដែលជាទិសដៅ និងជាចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ។

សម្តេចតេជោបានលើកឡើងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមពិធី បើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំអាស៊ាន-ឥណ្ឌា ( ASEAN-India Commemorative Summit ) នៅទីក្រុង ញូវដេលី ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ ។

សម្តេចតេជោបានបន្តថា កម្ពុជាគាំទ្រ និងបន្តចូលរួមក្នុងសកម្មភាពនានា និងតាមរយៈយន្តការនានាដែលមានស្រាប់នាំ មុខដោយអាស៊ានដើម្បីដោះស្រាយបញ្ហា ប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើន ទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុង ចំណោមភាគីពាក់ព័ន្ធស្តីពីកិច្ចសហប្រតិ បត្តិការសន្តិសុខតាមសមុទ្រក្នុងការជួយសង្គ្រោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រយុទ្ធប្រឆាំងនឹងចោរកម្មនៅក្នុងលំហសមុទ្រ ។

សម្តេចតេជោបានបន្ថែមថា កម្ពុជា ស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលំហសមុទ្ររវាងប្រទេស សមាជិកអាស៊ាន និងដៃគូសន្ទនាដើម្បី បង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់តាមរយៈការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍ រួមដែលជួយដល់ការលើកកម្ពស់ការទុក ចិត្តគ្នាទៅវិញទៅមក ។

សូមរលឹកថា បន្ទាប់ពីពិធីផ្សព្វផ្សាយ តែមប្រិ៍រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ជាផ្លូវការរួចហើយសម្តេចតេជោបានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ២៥ឆ្នាំ ទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅទីក្រុងញូវដេលី សាធា រណរដ្ឋឥណ្ឌា ។

មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេស អាស៊ានទាំង១០ក៏បានយាងនិងអញ្ជើញ ចូលរួមក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោក Ram Nath Kovind ប្រធានាធិបតី ឥណ្ឌា, លោក Venkaiah Naidu អនុ ប្រធានាធិបតី និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា។ កិច្ចប្រជុំកំពូលនេះ គឺក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការ លំហសមុទ្រ និងសន្តិសុខ” ។

មេដឹកនាំអាស៊ាន-ឥណ្ឌាបានប្តេជ្ញាក្នុងការខិតខំប្រឹងប្រែងនិងសហការអនុវត្តផែនការសកម្មភាពដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) ឲ្យ បានពេញលេញមានប្រសិទ្ធភាព និងទាន់ ពេលវេលា។ មេដឹកនាំទាំងអស់បានបន្ត គាំទ្រ ចូលរួមចំណែកដល់សមាហរណ កម្មអាស៊ាន និងដំណើរការកសាងសហ គមន៍អាស៊ានឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

មេដឹកនាំទាំងអស់បានបញ្ជាក់សាជាថ្មីក្នុងការថែរក្សានិងលើកកម្ពស់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខលំហ សមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការ ហោះហើរនៅក្នុងតំបន់ ការប្រើប្រាស់ដែនសមុទ្រស្របច្បាប់ដទៃទៀត និងការធ្វើ ពាណិជ្ជកម្មក្នុងលំហសមុទ្រដោយមិន មានការរារាំង ។

លើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនានាស្របតាមគោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) និងស្តង់ដារពាក់ព័ន្ធនឹងការអនុវត្តដោយ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)និងអង្គការលំហសមុទ្រអន្តរ ជាតិ(IMO) ។

ពង្រឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រ តាមរយៈយន្តការដែលមានស្រាប់រួមទាំង វេទិកាទូលំទូលាយស្តីពីលំហសមុទ្រ អាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមរួមនានាពាក់ព័ន្ធនឹងបញ្ហាលំហសមុទ្រ។ ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ ទម្រង់ និងរូបភាព អំពើហិង្សាជ្រុលនិយម និងរ៉ាឌីកាល់និយមតាមរយៈការចែករំលែកព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់ និងការ កសាងសមត្ថភាព ។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននឹងឥណ្ឌាលើការកសាងសមត្ថភាពសន្តិសុខតាមប្រព័ន្ធអុីនធើណេត និងការ សម្របសម្រួលគោលនយោបាយ។ បង្កើន ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌាបន្ថែម ទៀតរួមទាំងការប្រើប្រាស់ឲ្យបានពេញលេញនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌាឲ្យបានទូលំទូលាយគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់ និងមានអត្ថ ប្រយោជន៍ទៅវិញទៅមក ។

ជំរុញថែមទៀតកំណើនប្រកបដោយ ស្ថិរភាព និងចីរភាពសម្រាប់សហគ្រាស ធុនតូចនិងមធ្យមតាមរយៈការផ្ទេរបច្ចេក វិទ្យា ការផ្សព្វផ្សាយ ការទទួលយក និងការ សម្របខ្លួនក៏ដូចជាការពង្រឹងការកសាងសមត្ថភាពជំនួញផ្នែកបច្ចេកទេសបណ្តាញចែកចាយ បរិក្ខារហិរញ្ញវត្ថុ ការទទួលបាន នវានុវត្តន៍ និងកាលានុវត្តភាពដើម្បីធ្វើ សមាហរណកម្មទៅក្នុងខ្សែចង្វាក់តម្លៃ សាកលលោកនិងតំបន់ ។

បន្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខស្បៀងរយៈពេលវែង និង សន្តិសុខថាមពលក្នុងតំបន់តាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងថាមពល។ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើត ឡើងវិញ។ បន្តពង្រឹងទំនាក់ទំនងលើវិស័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅតាមផ្នែក ពាក់ព័ន្ធស្របជាមួយនឹងផែនការសកម្ម ភាពអាស៊ានស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៦-២០២៥ ។

បន្តលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន និងពង្រឹងទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ចតាមរយៈក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-ឥណ្ឌា និងលើកទឹកចិត្តដល់ព្រឹត្តិការណ៍ពាណិជ្ជកម្មនានាដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផលនិងសេវាកម្ម របស់អាស៊ាននិងឥណ្ឌាដើម្បីពង្រីក និង ពង្រឹងបន្ថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច។ យើងក៏រង់ចាំផងដែរការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ឥណ្ឌា។

ពង្រឹងបន្ថែមទៀតទំនាក់ទំនងវប្បធម៌ តាមរយៈការលើកម្ពស់វិស័យវប្បធម៌ និងការលើកកម្ពស់រវាងប្រជាជននិងប្រជាជន តាមរយៈកម្មវិធីដូចជាកិច្ចសន្ទនាញូវដេលី បណ្តាញក្រុមអ្នកវិភាគអាស៊ាន-ឥណ្ឌា កម្រងបទឧទ្ទេសនាមរបស់ឥស្សរជនឆ្នើមអាស៊ាន វគ្គបណ្តុះបណ្តាលមន្ត្រីការទូតក៏ដូចជាកម្មវិធីផ្លាស់ប្តូរសម្រាប់និស្សិត សមា ជិកសភា កសិករ ប្រព័ន្ធឃោសនា និង កម្មវិធីយុវជនផ្សេងៗទៀត ។

ពង្រឹងកិច្ចសហប្រតិបតិ្តការអាស៊ាន-ឥណ្ឌាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌រួមមាន ការគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបតែមួយ អាស៊ានឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយទាំងក្នុងតំបន់និងក្រៅតំបន់ ហើយ បង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះ មហន្តរាយ និងដៃគូឥណ្ឌាដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងការសម្របសម្រួលលើការគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ ។

លើកកម្ពស់កិច្ចសន្ទនារវាងមន្ត្រីរដ្ឋា ភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់អាស៊ាននិងឥណ្ឌាដើម្បីលើកកម្ពស់និងការពារសិទ្ធិក៏ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងកុមារ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើពួកគេ ។

បង្កើនកិច្ចសហប្រតិបត្តិការអភិរក្ស និងគ្រប់គ្រងជីវចម្រុះតាមរយៈការផ្លាស់ប្តូរ ចំណេះដឹង និងបទពិសោធន៍ ការធ្វើសកម្ម ភាពស្រាវជ្រាវរួម និងកម្មវិធីកសាងសមត្ថភាពដើម្បីដោះស្រាយការបាត់បង់ជីវចម្រុះ និងការសឹករេចរឹលនៃប្រព័ន្ធអេកូឡូស៊ីរួមទាំងគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះ ។

បញ្ជាក់សាជាថ្មីការប្តេជ្ញាចិត្ត ការបង្កើន ការតភ្ជាប់រូបវន្តឌីជីថល ស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពីបច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍ឆ្នាំ២០២០តាមរយៈការប្រើ ប្រាស់ឥណទាន១ប៊ីលានដុល្លារអាមេរិក ដែលឥណ្ឌាបានប្រកាសដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត និង ឌីជីថល ។

ជាមួយគ្នានេះមេដឹកនាំអាស៊ានបានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានតាមរយៈការអនុវត្តផែនការការងារទី៣នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ។

នៅក្នុងកិច្ចប្រជុំកំពូលនោះសម្តេច តេជោបានគូសបញ្ជាក់ថា សមិទ្ធផលដែល បានកើតឡើងក្នុងរយៈពេល២៥ឆ្នាំកន្លងទៅជាមោទនភាពមួយសម្រាប់រូបសម្តេច ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១កាលពីឆ្នាំ២០០២ នៅរាជ ធានីភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១២ ខណៈដែល ឥណ្ឌាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១នៅឆ្នាំ២០១២ និងបានចូលរួម ចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌាទៅជាដៃគូយុទ្ធសាស្ត្រ ។

ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មេដឹកនាំអាស៊ាន-ឥណ្ឌាបានសម្រេចចេញសេចក្តីថ្លែងការណ៍ញូវដេលីនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌាដើម្បីអបអរសាទរខួប២៥ ឆ្នាំនៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌាផងដែរ ៕ ហេង សូរិយា