ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន៖ ជីវភាពប្រជាពលរដ្ឋយើងធូរធាពីមួយថ្ងៃទៅមួយថ្ងៃ

ខេត្តតាកែវ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ថា ជីវភាពប្រជាពលរដ្ឋយើងធូរធាពីមួយថ្ងៃទៅមួយថ្ងៃ ។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «នៅព្រឹកថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមផ្លូវពីភ្នំពេញមកកាន់ខេត្តតាកែវ ខ្ញុំបានសង្កេតឃើញប្រជាពលរដ្ឋយើងប្រកបរបរលក់ដូរអ៊ូអរតាមដងផ្លូវដែលបង្ហាញនូវសកម្មភាពរស់រវើកជាមួយទឹកមុខញញឹម។ គេហដ្ឋានតូចធំចម្រុះគ្រប់ពណ៌ និងសម្ភារៈប្រើប្រាស់ដូចជាម៉ូតូ និងរថយន្តតូចធំកំពុងចរាចរណ៌តាមដងផ្លូវបង្ហាញអោយឃើញពីការរីកចម្រើនរបស់ប្រជាពលរដ្ឋយើងជាមួយជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមនឹងនេះ ការរីកចម្រើនវិស័យពុទ្ធសាសនាសព្វថ្ងៃគឺបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសប្បាយចិត្តណាស់នៅពេលដែលបានឃើញបងប្អូនជនរួមជាតិរស់នៅមានសេចក្តីសុខ និងមានជីវភាពល្អប្រសើរ។ អ្វីៗដែលយើងសម្រេចបាននៅពេលនេះ និងទៅអនាគតគឺដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ។ បន្ទាប់ពីកម្មវិធីបញ្ចុះខ័ណ្ឌសីមានៅទីនេះរួចហើយ ខ្ញុំនឹងបន្តដំណើរទៅកាន់ខេត្តព្រះសីហនុជាបន្តទៀត។

ខ្ញុំព្រះករុណាខ្ញុំ សូមជូនប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទូទាំងប្រទេសជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នា» ៕

1

2

3

4

5

6

7