ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន៖ សមុទ្រយើងស្រស់ស្អាត ដែលត្រូវនាំគ្នាថែរក្សាបរិស្ថានអនាម័យឲ្យបានល្អគ្រប់ពេល

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា សមុទ្រយើងស្រស់ស្អាត ដែលត្រូវនាំគ្នាថែរក្សាបរិស្ថានអនាម័យអោយបានល្អគ្រប់ពេល ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលសម្តេចតេជោបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៖

«កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំមានឱកាសបានចុះទៅសម្រាកលំហែរកាយនៅក្រុងព្រះសីហនុ ដោយបានជួបជាមួយបងប្អូនជនរួមជាតិយើង អាជីវករ និងទេសចរអន្តរជាតិដែលមកកំសាន្តនៅទីនោះ។ ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនមានមុខរបរលក់ដូរបម្រើសេវាកម្មទេសចរណ៍យ៉ាងមមារញឹកទាំងពេលថ្ងៃ និងពេលរាត្រី។ សមុទ្រយើងស្រស់ស្អាត ដែលត្រូវនាំគ្នាថែរក្សាបរិស្ថានអនាម័យអោយបានល្អគ្រប់ពេល។ អាជ្ញាធរមានសមត្ថកិច្ចគឺមិនត្រូវអោយមានសំណង់អ្វីខុសច្បាប់លើតំបន់ទេសចរណ៍ដាច់ខាត។

ខ្ញុំសូមស្នើអោយអាជ្ញាធរខេត្ត និងមន្រ្តីមានសមត្ថកិច្ចជួយសម្រួលរៀបចំអោយបងប្អូនលក់ដូរអោយបានសមរម្យល្អ និងជួយពិនិត្យគុណភាពអនាម័យលើចំណីម្ហូបអហារដែលកំពុងដាក់លក់ ឬ រែកលក់គឺត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ចៀសវាងការយល់ច្រឡំពីទេសចរជាតិ និងអន្តរជាតិដែលធ្វើអោយខាតប្រយោជន៍។

ជាពិសេសសូមអាជ្ញាធរ និងសមត្ថកិច្ចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ និងទេសចរជាតិ និងអន្តរជាតិអោយបានល្អនៅគ្រប់ទីកន្លែងរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស។

សូមអរគុណ និងជូនពរជនរួមជាតិបានជួបតែសំណាងល្អគ្រប់ពេល!» ៕

1

99

8

7

6

5

4

3

2