ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោត

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោត ។

សម្តេចតេជោបានលើកឡើងតាមបណ្តាញសង្គមកាលពីម៉ោងជិត១០យប់ថ្ងៃទី៤ ខែមិថុនាថា៖

«ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំង ពីថ្ងៃផ្តើមយុទ្ឋនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោតដែលបានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យនៅថ្ងៃនេះ។

ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនា បោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អង្គការជាតិ និងអន្តរជាតិដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាថ្ងៃនេះប្រកប ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថាបណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។

ខ្ញុំសូមជូនពរ បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជួបប្រទះតែសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារគ្រប់ៗគ្នា»៕