ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ដឹកនាំកូនបក្ស ឬសមាគមតូច មួយមិនកើតផងដឹកនាំប្រទេសយ៉ាងម៉េចកើត?

ខេត្តកំពត៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងផ្តាំអ្នកដែលមានបំណងចង់ជំនួសតំណែងសម្តេចកុំថ្នាំង ថ្នាក់ឲ្យសោះ ព្រោះអ្នកនោះមិនទាន់មានលទ្ធភាពគ្រប់គ្រងស្ថានការណ៍របស់ប្រទេស នេះឡើយគឺសូម្បីដឹកនាំកូនបក្ស ឬសមា គមតូចមួយក៏មិនកើតផង ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ថែមថា អ្នកដែលចង់បានតំណែងសម្ដេចនោះ ចេះត្រឹមតែបញ្ឆេះសង្គ្រាមចេះត្រឹមតែជេរ និងចេះត្រឹមតែបញ្ចោរប៉ុណ្ណោះ ហើយសមត្ថ ភាពដឹកនាំប្រទេសគឺគ្មានទាល់តែសោះ។ ដោយឡែកសម្រាប់សម្ដេចវិញមានបទ ពិសោធន៍ដឹកនាំប្រទេសជិត៤០ឆ្នាំមក ហើយទោះបីដឹកនាំ១០ឆ្នាំបន្ដទៀតក៏មិនទាន់ហួសពេលដែរ ។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើងកាល ពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរោង ចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនៅខេត្តកំពតដែលបានវិនិយោគជាមួយទឹកប្រាក់រហូត ដល់២៦២លានដុល្លាររបស់ក្រុមហ៊ុនជីបម៉ុង អុីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)។

សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងបន្ដរួមដំណើរជាមួយប្រជាជនកម្ពុជានៅទូទាំងប្រទេសមិនតិចជាង ១០ឆ្នាំទៀតនោះទេ សូមអ្នកដទៃដែលចង់ ជំនួស ហ៊ុន សែន កុំថ្នាំងថ្នាក់ឲ្យសោះ ព្រោះអ្នកមិនទាន់មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជាអ្នកគឺគ្រាន់តែចេះបញ្ឆេះសង្គ្រាម អ្នកត្រឹមតែចេះជេរ ចេះបញ្ចោរតែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកមិនទាន់ចេះគ្រប់គ្រងសូម្បីតែកូនបក្សមួយឬសមាគមមួយនោះទេ ហ៊ុន សែន យ៉ាងហោចណាស់បទពិសោធន៍រយៈពេល៣៩ឆ្នាំកន្លងផុតទៅហើយក្នុងនោះតំណែងនាយករដ្ឋ មន្ដ្រីរយៈពេល៣៣ឆ្នាំ ធ្វើ១០ឆ្នាំទៀតវា ឡើង៤៣ឆ្នាំក៏មិនទាន់យឺតពេលដែរហើយក៏មិនទាន់ចាស់ជ្រុលទេ» ។

សម្តេចតេជោបានគូសបញ្ជាក់ថា ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើននិងអភិវឌ្ឍទៀតនោះសម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកប្រជាពលរដ្ឋនៅទូទាំងខេត្តកំពតនឹងបន្ដបោះឆ្នោតជូនសម្ដេចជារៀងរហូត ៕ ហេង សូរិយា