ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ»នឹងនាំមកនូវទស្សនីយភាពវប្បធម៌ ប្រពៃណី ល្បែងប្រជាប្រិយខ្មែរ​ ដ៏សម្បូរបែបរបស់កម្ពុជា

ខេត្តសៀមរាប៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖

«ត្រៀមខ្លួនព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ»ឆ្នាំ២០១៨ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់​ ១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងទទួលបាននូវភាពរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ជាពិសេសនៅលើទឹកដីនៃខេត្តសៀបរាបអង្គរ ដែលនឹងប្រារពព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» ចាប់ពីថ្ងៃទី១៣​ ដល់​ ១៦​ មេសា​ ២០១៨​ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរយើងនេះ។

តើបងប្អូនប្រជាពលរដ្ឋ​បានត្រៀមខ្លួនសម្រាប់​ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ»​២០១៨​ ហើយឬនៅ?

ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» នឹងនាំមកនូវ ទស្សនីយភាពវប្បធម៌ ប្រពៃណី ល្បែងប្រជាប្រិយខ្មែរ​ ដ៏សម្បូរបែបរបស់កម្ពុជា នឹងបានផ្ដល់ឱកាសដល់យុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ អន្ដរជាតិបានចូលរួមកម្សាន្តសប្បាយ តាមលក្ខណ:ប្រពៃណីជាតិ និងជាការបំផុសទឹកចិត្តយុវជនកម្ពុជាយើង ឲ្យចាប់អារម្មណ៍ស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ពិសិដ្ឋ និងល្អផូរផង់របស់ជាតិ ជាពិសេសអំពីសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែលកម្ពុជាធ្លាប់ប្រតិបត្តិ និងមានភាពល្បីល្បាញតាំងពីសម័យមហានគរមកនោះ។

សូមជូនពរបងប្អូន ជនរួមជាតិទាំងអស់ក្នុងឱកាសឆ្នាំថ្មីនេះ សូមប្រកបដោយសេចក្តីសុខចម្រើន គ្រប់ៗគ្នា» ៕