ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញចូលរួមប្រជុំ​រដ្ឋសភាដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និង រាជរដ្ឋាភិបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមប្រជុំសភា ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះមានការចូលរួមដោយតំណាងរាស្រ្ត១២៥រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានការប្រកាសសុពលភាព និងស្បថចូលកាន់តំណែង ដើម្បីបើកកិច្ចប្រជុំរបស់ខ្លួន ក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលកិច្ចប្រជុំសភានេះដឹកនាំដោយព្រឹទ្ធសមាជិកសភា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ។

សម្រាប់រសៀលថ្ងៃនេះ​ បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលរួចហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ៕