ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបប្រធានក្រុមហ៊ុន Zhongke Zhaoshang នៅប៉េកាំង

ក្រុងប៉េកាំង៖ នៅសណ្ឋាគារ China World Hotel រសៀលថ្ងៃទី ១៤ ឧសភា ដដែលនេះ ក្រោយពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប៉េកាំងហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។

លោក សាន សៀង ស្ស័ង ប្រធានក្រុមហ៊ុន Zhongke Zhaoshang បានជម្រាប សម្តេចតេជោ អំពីការចាប់អារម្មណ៌ក្នុងការវិនិយោគនៅកម្ពុជាលើបទពិសោធន៍វិនិយោគមួយចំនួនដែលក្រុមហ៊ុនចាប់អារម្មណ៌ ព្រោះក្រុមហ៊ុនលោកបានចូលផ្សារភាគហ៊ុន ហុងកុង លើផ្នែកហិរញ្ញវត្ថុ បរិក្ខារសុខាភិបាល ជំនាញផ្នែកមហារីក សេវាអចលនៈទ្រព្យ និងសេវាជួលយន្តហោះអន្តរជាតិ។ លោកប្រធានក្រុមហ៊ុន មានបំណងទៅទស្សនាសិក្សាស្វែងយល់អំពីតម្រូវការចាំបាច់របស់កម្ពុជា ដើម្បីបង្កើតឱកាសវិនិយោគ នៅទីនោះ។ ក្រុមហ៊ុនលោកក៏ធ្លាប់បានវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ឋនៅក្នុងប្រទេសចិន ផងដែរ គឺកសាងផ្លូវល្បឿនលឿនពី ហុង កុង ទៅកាន់ទីក្រុង ស៊ិនជិន ប្រទេសចិន។ ក្រុមហ៊ុនលោក មានទំណាក់ទំនងល្អជាមួយក្រុមហ៊ុន Boeing ផលិតយន្តហោះអាមេរិក ដែលមានការគាំទ្រពីគ្រឹះស្ថាន ហិរញ្ញវត្ថុផងដែរ។ បំណងរបស់ក្រុមហ៊ុនក្នុងការវិនិយោគបើកអោយមានសេវាជួលយន្តហោះអន្តរជាតិ គឺអាចចែកចាយនិងជួលទៅប្រទេសក្នុងតំបន់អាស៊ានទាំងមូល ជួលមកអោយប្រទេសចិន និងប្រទេស ជាច្រើនទៀត។ ទន្ទឹមនឹងនេះ លោកក៏មានបំណងបណ្តុះបណ្តាលធនធានកម្ពុជា ជាពិសេសយុវជន អោយមានជំនាញផ្នែកតំហែទាំគ្រឿងចក្រយន្តហោះ និងជំនាញជួសជុលម៉ាស៊ីនយន្តហោះជាដើម។

សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ដល់លោកប្រធានក្រុមហ៊ុន ហើយបានអញ្ជើញគាត់អោយ មកសិក្សាស្វែងយល់អោយបានច្បាស់ផ្ទាល់ភ្នែកនៅកម្ពុជា។ ទន្ទឹមនឹងការរីកលូតលាស់ផ្នែកសុខាភិបាល កម្ពុជាក៏នៅត្រូវការផ្នែកវិជ្ជសាស្រ្តទំនើប រួមទាំងធនធានមនុស្សជំនាញឯកទេសផ្នែកសុខាភិបាលជាច្រើនថែមទៀត។ សម្តេចតេជោ បានអោយក្រុមហ៊ុន ពិភាក្សាជាមួយអាកាសចរណ៍ស៊ីវិល កម្ពុជា និងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការវិនិយោគលើសេវាជួលយន្តហោះ។ កម្ពុជាបើក ទូលាយដល់វិនិយោគគិនបរទេសវិនិយោគ១០០% ឬចូលរួមជាមួយក្រុមហ៊ុនក្នុងស្រុកក៏បាន។ ទន្ទឹម នឹងនេះដែរ ដោយសារគំហុកនៃចំនួនទេសចរមកកម្ពុជាកាន់តែច្រើនឡើងៗ គឺកម្ពុជាខ្លួនឯងក៏ត្រូវការ សេវាយន្តហោះនេះផងដែរ។

NKD-36x6_outline

ដោយបានឃើញអំពីមិត្តភាពជាបងប្អូន និងទំនាក់ទំនងល្អរវាងកម្ពុជា និងមិត្តចិន ក្រុមហ៊ុនរបស់លោក ស្នើសុំ សម្តេចតេជោ អនុញ្ញាតដល់ក្រុមហ៊ុនលោក កសាងអគារមួយដែលអាចមានឈ្មោះថា “ អាគារមិត្តភាពកម្ពុជាចិន “ នៅប្រទេសចិន ដើម្បីផ្តល់ឱកាសអោយកម្ពុជាមានកន្លែងតាំងពិពណ៌ផលិត ផលកសិកម្មកម្ពុជាផង និងដើម្បីសម្រាប់តាំងពិពណ៌សិល្បៈវប្បធម៌កម្ពុជានៅទីនេះផង។ គម្រោងទឹកប្រាក់នៃការកសាងអាគារនេះគឺប្រមាណ ១,០០០ លានដុល្លារអាមេរិក ដែលភាគីក្រុមហ៊ុនលោកនឹងទទួលរាប់រងទាំងអស់។

សម្តេចតេជោ ហ៊ុន សែន រីករាយ និងពេញចិត្តចំពោះគោលបំណងក្រុមហ៊ុន Zhongke Zhaoshang ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាកសាងអាគារមិត្តភាពកម្ពុជាចិននៅប្រទេសចិន។ សម្តេចតេជោ សំណូមពរអោយធ្វើការសិក្សាអោយបានល្អិតល្អន់ ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ