ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

ក្រុងប៉េកាំង៖ នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ បន្ទាប់ពីបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ឋនៅវិមានវិរៈជនរបស់ប្រជាជនចិនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅ សាលប្រជុំហុងកុង នៃមហាវិមានប្រជាជនចិន។

ឯកឧត្តម យូ ជឹងស៊ឹង បានស្វាគមន៍យ៉ាងកក់ក្តៅជូន សម្តេចតេជោ ហ៊ុន សែន ដែលបានវំណាយពេល វេលាដ៏មានតម្លៃ និងមមាញឹកបំផុត អញ្ជើញមកចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន។ កាលបពី១០ឆ្នាំមុនឯកឧត្តមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានជួប សម្តេចតេជោ ហើយ១០ឆ្នាំក្រោយមក ឯកឧត្តមបានជួបសម្តេចសាជាថ្មីម្តងទៀត នៅទីក្រុងប៉េកាំង។ បើទោះបីជា សម្តេច មានការមមាញឹកយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែសម្តេចបានអញ្ជើញមកកាន់ប្រទេសចិននៅពេលនេះ គឺដើម្បីគាំទ្រយ៉ាងខ្លាំងដល់ប្រទេសចិន ពិសេសគាំទ្រដល់វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិផ្ទាល់តែម្តង។ កាលពី១០ឆ្នាំមុនក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម បានទៅទស្សនាប្រាសាទមួយចំនួននៅម្ពុជាដ៏មានវ័យចំណាស់ជាងគេនៅលើពិភពលោក។ នៅពេលវិលត្រប់មកកាន់ប្រទេសចិនវិញ ឯកឧត្តមបានផ្សព្វផ្សាយដល់អ្នកទេសចរណ៍ចិន ទៅទស្សនាប្រទេសកម្ពុជា។ បើមានឱកាស ឯកឧត្តម នឹងអញ្ជើញទៅប្រទេសកម្ពុជាជាថ្មីម្តងទៀត។

ឯកឧត្តមបន្តថា ប្រទេសចិននៅតែបន្តគាំទ្រដល់ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសចិនជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យក៏ពិតមែន តែកម្ពុជាក៏បានជួយដល់ចិន លើគ្រប់សកម្មភាពផងដែរ ដែលនេះគឺបានបង្ហាញឲ្យឃើញេពីការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ប្រទេសតូច ប្រទេសធំ មានក្រនោះទេ ពោលគឺយើងនៅតែបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរនូដំណើរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ហើយក្នុងនោះតាមរយះសម្តេចតេជោ ឯកឧត្តមសូមគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចការនៅប្រទេសចិន ក្នុងពេលវេលាដ៏សមស្របណាមួយក្នុងពេលខាងមុខ។

NKD-36x6_outline

ឯកឧត្តប្រធានក៏បានស្នើឲ្យមានការបន្តពិភាក្សាក្នុងកម្រិតទ្វេភាគី ពិសេសបន្តសហការគ្នាលើការតភ្ជាប់រវាង ប្រជាជននិងប្រជាជន និងការសម្របសម្រួលការសន្ទនាគ្នារវាងសភា និងសភា ដើម្បីឲ្យស្ថាប័នទាំងពីរកាន់តែមាន ការសហការគ្នាខ្លាំងឡើងថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសចិននៅពេលនេះ ពិសេសមានឱកាសជួប ឯកឧត្តម ផ្ទាល់ក្រោយពី១០ឆ្នាំមកនេះ។ សម្តេចតេជោ បានបញ្ជាក់ថា មិត្តចិនមានគោលនយោបាយដ៏ល្អជាមួយកម្ពុជា បើទោះជារូបសម្តេចមានការងារមមាញឹកនៅក្នុងប្រទេសក៏ពិតមែន តែសម្តេចតេជោ ត្រូវតែអញ្ជើញមកកាន់ប្រទេសចិន ដើម្បីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។

កិច្ចប្រជុំសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម យូ ជឹងស៊ឹង គឺបានបញ្ចប់ដោយ បរិយាកាសរីករាយស្និទ្ឋស្នាល ដែលបានពង្រឹងនិង បង្កើននូវចំណង សាមគ្គីភាព មិត្តភាព និងសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ