ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Mian Raza Rabbani ប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន។

សម្ដេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ និងចង់ឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងប៉ាគីស្ថាន ជាពិសេសក្នុងការពង្រឹងទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ ព្រមទាំងវិស័យផ្សេងៗទៀត អោយកាន់តែរីកចម្រើនធំឡើង។ ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ។ ជាការពិតគឺប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជានិងប៉ាគីស្ថាន គឺកំពុងប្រកួតប្រជែងគ្នាលើមុខទំនិញប្រហាក់ប្រហែលគ្នានៅទីផ្សារបរទេសតែមួយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជា និងប៉ាគីស្ថានបាននឹងកំពុងធ្វើការជាមួយគ្នាជាទ្វេភាគីផង និងក្នុងក្របខណ្ឌអាស៊ានផងដែលនឹងផ្តល់នូវផលប្រយោជន៍កាន់តែទូលំទូលាយថែមទៀត។ ទន្ទឹមនឹងនេះដែរគឺ សម្ដេចតេជោ គាំទ្រប្រទេសប៉ាគីស្ថានដើម្បីចូលជាដៃគូរសន្ទនាពេញលេញជាមួយអាស៊ាន ដោយកន្លងមកនេះ ប្រទេសប៉ាគីស្ថានជាដៃរតាមវិស័យមួយចំនួនរបស់អាស៊ានប៉ុណ្ណោះ។

លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប៉ាគីស្ថាន និងអរគុណសម្ដេចដែលបានគាំទ្រនិងជួយជម្រុញប្រទេសទាំងពីរអោយមានទំនាក់ទំនងកាន់តែល្អប្រសើរ។ ជាមួយគ្នានេះដែរ សម្តេចតេជោ និងលោកប្រធានព្រឹទ្ឋសភាប៉ាគីស្ថាន ក៏បានពិភាក្សាគ្នាលើបញ្ហា និងសភាពការណ៍ក្នុងតំបន់ ជាពិសេសការប្រយុទ្ធប្រឆាំងភេរវកម្មនៅលើពិភពលោក។

សូមរំលឹកថា នៅក្នុងទំនាក់ទំនងទ្វេភាគីកន្លងមកនេះ គឺប៉ាគីស្ថានបានជួយបណ្ដុះបណ្ដាលកសាងធនធានសមត្ថភាពមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិលើផ្នែកការទូត ហើយប៉ាគីស្ថានសង្ឃឹមថា នឹងបន្តការងារនេះតទៅទៀត។ លោកប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា សាកលវិទ្យាល័យប៉ាគីស្ថានគឺបើកទ្វារចំហរសវគមន៍និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅទីនោះ។

មុននឹងបញ្ចប់ការពិភាក្សា លោកប្រធានព្រឹទ្ឋសភា បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនៈកិច្ចនៅប៉ាគីស្ថានក្នុងពេលវេលាសមស្រប។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអរគុណប្រទេសប៉ាគីស្ថានដែលបានគាំទ្រកម្ពុជាទាំងមុនបានឯករាជភាពពីបារាំងកាលពីឆ្នាំ ១៩៥៣ ហើយបានបន្តគាំទ្រនិងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាទៀតផង។ តាមរយៈជំនួបពិភាក្សាថ្ងៃនេះ គឺនឹងរិតបន្តឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថានកាន់តែល្អប្រសើរថែមទៀត៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1474738042574688/” width=”600″ height=”400″ onlyvideo=”1″]