ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ អនុប្រធានទី១រដ្ឋសភានៃប្រទេសវៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Tong Thi Phong អនុប្រធានទី១រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកស្រី Tong Thi Phong បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រទេសវៀតណាមជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។

លោកស្រីបានសំដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ រាល់សកម្មភាពទាំងឡាយ ដែលកម្ពុជាទទួលបានជាប្រទេសរីកចម្រើនលើវិស័យ សេដ្ឋកិច្ច លើវិស័យនយោបាយនៅកម្ពុជា ដែលទទួលនូវការអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយទទួលបាននូវស្ថេរភាព នយោបាយល្អជាពិសេសនៅក្នុងឆាកអន្តរជាតិតែម្តង។

ជាមួយគ្នានេះដែរ​ លោកស្រីបានជម្រាបជូនសម្ដេចអំពីដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា កន្លងមកបានជួបពិភាក្សាជាមួយអនុប្រធានសភាកម្ពុជា ក៏ដូចជាសម្ដេចប្រធានរដ្ឋសភា​ និងបានជម្រាបជូនថា ដំណើរទស្សនកិច្ចនេះគឺទី១ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរសភា និងសភា និងទី២គឺដើម្បីផ្ទេរតំណែងជាម្ចាស់ផ្ទះ ប្រធានកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិច ជូនដល់កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះបន្តពីប្រទេសវៀតណាម សម្រាប់កិច្ចប្រជុំលើកទី២៧។ លោកស្រី បានមានប្រសាសន៍ថា ភាគីវៀតណាមប្ដេជ្ញាចិត្តនឹងជួយ ចែករំលែកនូវរាល់បទពិសោធន៍ទាំងឡាយដែល មានកន្លងមកអំពីការរៀបចំ ធ្វើជាម្ចាស់ផ្ទះប្រជុំសភាអាស៊ីប៉ាស៊ីហ្វិក នៅវៀតណាមជូនដល់កម្ពុជា សំដៅធ្វើយ៉ាងណាឲ្យកម្ពុជារៀបចំកិច្ចប្រជុំបន្តពីវៀតណាមនេះ នៅឆ្នាំក្រោយក្នុងប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខដឹកនាំរបស់វៀតណាម នឹងថ្លែងអំណរគុណផងដែរចំពោះលើកឡើងនូវសមិទ្ធិផលរបស់កម្ពុជាកន្លងមក ដោយសម្ដេចបញ្ជាក់ថារាល់សមិទ្ធិផលទាំងនេះមិនអាចកាត់ផ្ដាច់បាន អំពីជំនួយរបស់វៀតណាមជួយដល់កម្ពុជាជាពិសេស ជំនួយក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ ១៩៧៩ កន្លងមក។

ជាមួយនេះសម្ដេចតេជោក៏បានអរគុណផងដែរចំពោះការប្ដេជ្ញាចិត្តរបស់លោកស្រី Tong Thi Phong ក្នុងការផ្ដល់ និងជួយចែករំលែកបទពិសោធន៍ សម្រាប់កិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ ។ និង​ ជាចុងក្រោយសម្តេចតេជោ​ សុំឲ្យសភាវៀតណាម និងសភាកម្ពុជា បន្តសហការគ្នាធ្វើយ៉ាងណា អោយកិច្ចប្រជុំនាឆ្នាំក្រោយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះទទួលបានជោគជ័យ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ