ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃថ្ងៃកំណើតគណៈបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន គណបក្សប្រជាជនកម្ពុជា រួមជាមួយនិងសមាជិក សមាជិកាប្រមាណ៥ម៉ឺននាក់ បានអញ្ជើញចូលរួមអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតគណៈបក្សប្រជាជនកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនា ឆ្នាំ២០១៧) ដែលពិធីនេះ បានធ្វើឡើងយ៉ាងមហោឡារឹក នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុសនិងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បន្តថាក្នុងរយៈពេល ៣៨ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនដែលបានបំរើជាប្រយោជន៍ជាតិមានតុភូមិ និងធ្វើអោយប្រជាតិជាតិមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោបានមានសប្រសាសន៍សង្កត់ធ្ងន់ផងដែរ អំពីការ ថែរក្សាការពារសន្តិភាពដែលជាសេចក្តីត្រូវការចំបាចច់បំផុតរបស់ប្រទេសជាតិ។

NKD-36x6_outline

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ។ តាមរយៈជ័យជំនះដ៏ធំធេងនេះ គឺបានធានានូវមូលដ្ឋានយ៉ាងរឹងមំាសម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជា ឈានទៅទទួលជ័យជម្នះ ដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខទៀត៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ