ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខត្តស្ទឹងត្រែងរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក ហ៊ុង យុងដា (HUANG YONGDA) អគ្គនាយកក្រុមហ៊ុន China Huanceng Group ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្នាក់​ការរបស់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានថ្លែងការអបអរសាទរចំពោះក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ដែលបានធ្វើឱ្យគម្រោងសាងសង់វារីអគ្គិសនីនេះ បាន​ដំណើរការទៅតាមការគ្រោងទុកដែលនៅដើមឆ្នាំក្រោយនេះ នឹងមានការបន្ថែមទូប៊ីនដែល​ដល់​ពាក់​កណ្តាល​ឆ្នាំក្រោយនោះនឹងដំណើរការនូវទូប៊ីនទាំង៨។

​លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ​ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកចូលរួមក្នុងពិធី​ចាប់ផ្តើម​បិទ​ទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ បានធ្វើឱ្យកម្មវិធីមានភាពអធិកអធម ហើយ​លោកបាន​សន្យាថា នឹងខិតខំធ្វើការអភិវឌ្ឍគម្រោងនេះឱ្យបានល្អប្រសើរ ដើម្បីផ្តល់នូវផល​ប្រយោជន៍​ដល់ម​កម្ពុជា។​ទន្ទឹមនេះលោកនឹងខិតខំដោះស្រា​យ​ការងារសង្គមផ្សេងៗទៀត​មិនឱ្យប្រជាពលរដ្ឋ​មានការ​ថ្នាំង​ថ្នាក់​នោះឡើយ​។​ លោកបានមានប្រសាសន៍ទៀតថា មិនគ្រាន់តែគម្រោងវារីអគ្គិសនីនេះទេ ប៉ុន្តែលោកនឹង​ចូលរួមអភិវឌ្ឍ​នូវ​គម្រោងវារីអគ្គិសនីផ្សេងៗទៀត ដូចជាវារីអគ្គិសនីប្រើប្រាស់ដោយខ្យល់,និងថាមពលផ្សេងៗទៀតដែលអាចមាន តាម​ការ​​ផ្តួចផ្តើមរបស់ប្រធានាធិតីចិន ស៊ីជិន ពីង ដែលបា​នលើកឡើងអំពី​​ខ្សែក្រវាត់​មួយ,ផ្លូវមួយ និង​ស្រប​តាមគោល​នយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានថ្លែងអំណរគុណសារជាថ្មីដែលក្រុមហ៊ុនបានអនុវត្តការសាងសង់បានល្អ និងបានរួម​ចំណែកក្នុង​ការ​ការ​ពារបរិស្ថានដោយថាមពលដែលផលិតបានជាថាមពលដែលស្អាតមិនប៉ះពាល់ខ្លាំងក្លាដល់បរិស្ថានឡើយ៕

NKD-36x6_outline

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ