ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតផុតអាណត្តិសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀល ថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង
ថ្ងៃទី៥ ខែធ្នូ គ.ស.២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក គីម វ៉ុនជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតផុតអាណត្តិ របស់សាធារណរដ្ឋកូរ៉េ។ លោក Kim Weon-jin បានជម្រាបសម្តេចតេជោ ថាបេសកកម្មរបស់លោករយៈពេល៣ឆ្នាំកន្លងមកនេះ គឺលោកពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងគោលដៅជម្រុញទំនាក់ទំនង កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។

លោកបានបន្តថា នេះគឺជាខួប២០ឆ្នាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ហើយទំនាក់ទំនងនេះទៀតសោតបើគ្មានសម្តេចតេជោនាយករដ្ឋមន្ត្រីទេ ទំនាក់ទំនងនេះ ក៏មិនអាចមានមកដល់ចំណុចនេះដែរ។ លោក បានគោរពនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោដែលបានអភិវឌ្ឍន៍កម្ពុជាមានរការរីកចម្រើនមកទល់សព្វថ្ងៃ។

ទន្ទឹមនឹងនេះ លោក Kim Weon-jin បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនៈភាពការងារពាក់ព័ន្ធនឹងផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ២១ ហើយនឹងការនាំផ្លែស្វាយកម្ពុជាចេញទៅសាធារណរដ្ឋកូរ៉េ។ នៅឆ្នាំ២០១៨ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុងទីផ្សារកូរ៉េហើយ, ហើយកូរ៉េនឹងបន្តជំរុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគក្នុងការធ្វើការកែឆ្នៃលិតផលកសិកម្មផងដែរ។

NKD-36x6_outline

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងអាចប្រកាសបានថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាទំនាក់ទំនងដ៏ជោគជ័យដ៏ធំបំផុតមួយដែលបានវិវត្តន៍យ៉ាងឆាប់រហ័ស។ ជាអាទិ៍គឺយើងអាចឃើញតាមរយៈការហោះហើរជាច្រើនជើងពីកម្ពុជាទៅកូរ៉េ និងពីកូរ៉េមកកម្ពុជា ហើយតាមរយៈទំនាក់ទំនងការងារ, ទំនាក់ទំនងប្រជាជននិងប្រជាជន ហើយជាមួយនឹងជំនួយ ដែលកូរ៉េបានជួយដល់កម្ពុជារហូតមកដល់ពេលនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការរីករាយអបអរសាទរចំពោះការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ទីផ្សាររបស់សាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយនេះ។ សម្តេចក៏បានសម្តែងនូវការរីករាយ ចំពោះវឌ្ឍនៈភាពការងារដែលលោក Kim Weon-jin បានរាយការណ៍ជូនសម្តេច។

មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោក Kim Weon-jin ទទួលបាន ជោគជ័យនៅក្នុងការងារថ្មីៗជាបន្តទៀតនៅពេលខាងមុខ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ