ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ បងប្អូន អ្នករត់ម៉ូតូឌុប ម៉ូតូងកង់បី និងរត់តាក់ស៊ីជាង៤ពាន់នាក់ នៅកោះពេជ្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានដូចជា បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ី សរុបប្រមាណ៤,៦៨៥ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំ ជាមួយបងប្អូន មកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ។ គោលបំណងក្នុងការសំណេះសំណាលគ្នានេះគឺដើម្បីជំរុញលើកស្ទួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធអោយមានការរីកចម្រើនលូតលាស់បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ ទី១៤ មករា ឆ្នាំ២០១៨ គឺជាខួប ៣៣ឆ្នាំនៃ ការកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សម្ដេច(១៤ មករា ១៩៨៥ – ១៤ មករា ២០១៨) ដោយសម្តេចតេជោ បានទទួលតំណែងជានាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ។ សម្តេចតេជោ បានតស៊ូការលំបាកជាច្រើនដោយត្រូវយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីសង្គ្រាម និងស្វែងរកសន្តិភាព និងអភវិឌ្ឍកសាងប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ហើយបច្ចុប្បន្ន កម្ពុជា បានក្លាយជាប្រទេសមានកម្រិតចំណូលមធ្យមកម្រិតទាប ហើយនឹងឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយយ៉ាងសំខាន់ផងដែរក្នុងកំណើនសេដ្ឋកិច្ច។កន្លងមករាជរដ្ឋាភិបាលក៏បានជំរុញឲ្យមានសហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើតផលិតផលក្នុងស្រុក ក្នុងការនាំចេញទៅកាន់ទីផ្សារខាងក្រៅ។ ដែលនេះជាមោទនភាពមួយសំរាប់ប្រទេសកម្ពុជាដែលមានផលិតផលរបស់ខ្លួនទៅលើទីផ្សារអន្តរជាតិ។ សម្តេចតេជោ បញ្ជាក់ទៀតថាការលូតលាស់នៃផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺបានចូលរួមផ្តល់ការងារដល់ពលរដ្ឋកម្ពុជាផងដែរតាមរយៈការទទួលបានឱកាសចូលបំរើការងារតាមវិស័យផ្សេងៗដែលពាក់ព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមឲ្យធនាគារទាំងឡាយផ្តល់ការវិនិយោគឲ្យបានច្រើន បន្ថែមទៀតក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើតនូវមុខរបរផ្សេងៗដល់ប្រជាពលរដ្ឋកម្ពុជាយើង។ សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែគិតគូ និងយកចិត្តទុក្ខដាក់ ចំពោះបងប្អូនដែលបំរើការងារទាំងក្នុង និងក្រៅព័ន្ធ។

បច្ចុប្បន្នរាជរដ្ឋាភិបាល កម្ពុជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់បងប្អូនដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានសេវាថែទាំ ពិនិត្យសុខភាព តាមមន្ទីពេទ្យរដ្ឋ ដោយមិនគិតថ្លៃ ពិសេសស្ត្រីឆ្លងទន្លេត្រូវបានយកចិត្ត ទុកដាក់ផងដែរ។ ដើម្បីរក្សាបានការងារសេដ្ឋកិច្ចទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវរួមគ្នាថែរក្សានូវសន្តិភាព។ សន្តិភាបាននាំមកនូវការអភវិឌ្ឍសន្តិភាពបាននាំឲ្យបងប្អូនប្រកបរបរទទួលទានទាំងអស់ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការងារធ្វើ។

សម្ដេចតេជោ បានលើកឡើងថា បច្ចុប្បន្ននេះ មូលនិធិគន្ធបុផ្ផាគឺបានដើរតួយ៉ាងសំខាន់ ក្នុងការប្រមូលមូលនិធិ ផ្ដល់ជូនពេទ្យគន្ធបុផ្ផា ដើម្បីជួយព្យាបាលកុមារកម្ពុជារាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅពេលខាងមុខនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងបង្កើតនូវមូលនិធិមួយទៀតសម្រាប់ជួយមន្ទីពេទ្យគន្ធបុផ្ផា ដែលនឹងមានឈ្មោះថា “មូលនិធិគន្ធបុផ្ផាកម្ពុជា” ដោយសម្ដេចតេជោនឹងធ្វើជាប្រធានកិត្តិយស ៕

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់នូវថវិកាមួយចំនួន និងជូនពរដល់បងប្អូន ដែលបំរើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ សូមទទួលបានសេចក្តីសុខចម្រើន និងប្រកបរបរ ទទួលទានមានបានគ្រប់ៗគ្នា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ