ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប លោក Rahul Gandhi កូនប្រុសអតីតនាយករដ្ឋមន្រ្តីឥណ្ឌា

ប្រទេសឥណ្ឌា៖ នៅសណ្ឋាគារថាចម៉ាហាល នាល្ងាចថ្ងៃទី២៧ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យ លោក Rahul Gandhi ប្រធានសភាជាតិឥណ្ឌា និងកូនប្រុសរបស់ លោក រ៉ាស៊ី គន្ធី អតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក ម៉ាន់ ម៉ូហាន់ស៊ីង អតីតនាយករដ្ឋមន្រ្តីឥណ្ឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសារទររីករាយជូន លោក រ៉ាអ៊ូល គន្ធី និង លោក ម៉ាន់ ម៉ូហាន់ស៊ីង ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខសម្តេចផ្ទាល់នៅថ្ងៃនេះ។ សម្តេចតេជោបានលើកឡើងពីសកម្មភាពនានាដែលរូបសម្តេចផ្ទាល់ធ្លាប់បានជួបសន្ទនាជាមួយ លោក រ៉ាស៊ី គន្ធី អតីតនាយករដ្ឋមន្រ្តីឥណ្ឌា កាលពីទសវត្ស៨៤ នៅពេលដែលរូប លោក រ៉ាអ៊ូល គន្ធី ស្ថិតក្នុងវ័យក្មេង។ ជាមួយគ្នានេះ សម្តេចក៏បានមានប្រសាសន៍លើកឡើងពីការធ្លាប់ធ្វើការងារជាច្រើនជាមួយអតីតនាយករដ្ឋមន្រ្តីឥណ្ឌា រ៉ាស៊ី គន្ធី និង ថ្នាក់ដឹកនាំឥណ្ឌាជាច្រើនកាលពីពេលដែលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនៅពេលនោះ ឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានគាំទ្រ និងជួយដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរអំពីការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹង លោក ម៉ាន់ ម៉ូហាន់ស៊ីង អតីតនាយករដ្ឋមន្រ្តីឥណ្ឌា ដែលផ្តោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី ការងារតំបន់ និងកិច្ចការអន្តរជាតិ។

លោក រ៉ាអ៊ូល គន្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បើទោះបីពេលវេលាមមារញឹកយ៉ាងណាក៏ដោយ ក៏បានផ្តល់ឱកាសឲ្យរូប លោកបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកធ្លាប់បានឮមាតារបស់លោកបានប្រាប់ពីឈ្មោះនិងកិត្តិនាមដ៏ល្បីល្បាញ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វម្នាក់ ដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ហើយបានកសាងប្រទេសជាតិរហូតមានការរីកចម្រើន ហើយថ្ងៃនេះសប្បាយរីករាយជាខ្លាំងដែលបានជួប សម្តេចតេជោ ផ្ទាល់តែម្តង។

លោក រ៉ាអ៊ូល បានជូនពរ សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យថែមទៀតក្នុងការដឹកនាំជោគវាសនាអនាគតប្រទេសកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍនិងរីកចម្រើនទ្វេឡើង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ