ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅក្នុងខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង១២នេះ មានទីតាំងស្ថិតនៅស្រុកគៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១។ រោងចក្រ សហគ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និងវិនិយោគដោយជនជាតិវៀតណាមចំនួន១។ រោងចក្រ សហគ្រាសទាំង១២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១ ៕