ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹក ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ លោក សួន វិសាល។

លោក សួន វិសាល បានគោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីប្រវត្តិរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នូវសកម្មភាពកាលពីពេលកន្លងមក។ គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថាគណៈមេធាវី បានធ្វើការកែទម្រង់នៃការងារ ដើម្បីធ្វើយ៉ាងណា ឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិបច្ចុប្បន្នផង។ លើសពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាមួយគណៈមេធាវីអន្តរជាតិ ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេច អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាននៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។

លោក សួន វិសាល ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ អំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនក្រីក្រ ហើយធ្វើយ៉ាងណារៀបចំនូវប្រព័ន្ធទិន្នន័យសម្រាប់ការតាមដានករណីនីមួយៗផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍ដែលបានលើកឡើងដោយលោក សួន វិសាល ហើយក៏បានធ្វើការណែនាំថា គប្បីណា រាល់ការកែទម្រង់ទាំងឡាយ ដែលគណៈមេធាវី នឹងធ្វើ គឺត្រូវធ្វើឲ្យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។ សូមពិនិត្យមើលចំណុចមួយចំនួនដែលមិនសមស្របទៅតាមកាលៈទេសៈព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ពេលនេះ ក៏មានរយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួនមិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ។​ យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការណែនាំដោយសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ។

សម្តេចតេជោក៏បានណែនាំដល់គណៈមេធាវីផងដែរថា សូមពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា ការបញ្ជូនមេធាវីនេះ គឺរក្សាឲ្យបាននូវសមត្ថភាពមេធាវី ពង្រឹង​ និងលើកកម្ពស់សមត្ថភាពមេធាវីផង និងធ្វើយ៉ាងណាពង្រាយមេធាវី ដើម្បីជួយដល់កូនក្តីនៅតាមបណ្ដាខេត្ត និងជនបទផង៕