ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

រោងចក្រ សហគ្រាសទាំង២៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកកនេះគឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៣ និងកូរ៉េចំនួន១ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨, ផលិតស្បែកជើងចំនួន១០, បោកគក់ចំនួន៤, ផលិតតុក្កតាចំនួន១ និងផលិតដើមណូអែលចំនួន១ ហើយផលិតផលដែលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ ៕