ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ដល់ទី១០ តុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ានមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ជាលទ្ធផលនៃកិច្ចប្រជុំទាំង២ប្រទេសនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ សំដៅធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានោះតាមរយៈជំនួបកំពូលនេះ មិនត្រឹមតែជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ ដើម្បីធ្វើការងារជិតស្និទ្ធថែមទៀតជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់អាស៊ានក្នុងការសម្រេចបាននូវវឌ្ឍនភាពដ៏ពិតប្រាកដ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕