ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងអីស្តានប៊ុល ប្រទេសតួកគី ដោយសុវត្ថិភាព

ទួរគី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ ទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ហើយ ​នៅ​ព្រឹកថ្ងៃទី២០តុលានេះ បន្ទាប់ពីបញ្ចប់ដំណើរ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ី​អឺរ៉ុប​លើកទី១២ នៅទីក្រុងប្រ៊ចសែល ប្រទេសប៊ែលហ្សីក ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់​រួច​មក។

នៅព្រឹក​ព្រ​លឹម​ថ្ងៃទី២០តុលា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចាកចេញពីអាកាសយានអន្តជាតិ អ៊ិចសេគុយជេត (Exe​cujet​) ទីក្រុងប្រ៊ុចសែល ក្នុងដំណើរនៃការអញ្ជើញបន្តបំពេញទស្សនកិច្ចការងារ ទៅកាន់ទីក្រុង​អីស្តានប៊ុល សាធារណរដ្ឋតួកគី ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញធ្វើជំនួបកំពូល​ទ្វេ​ភាគី ជាមួយឯកឧត្តម រ៉េជីប ថាយយ៉ីប អែដូហ្គាន (Recep Tayyip Erdogan) ប្រធានា​ធិ​ប​តី​ នៃសាធារណរដ្ឋតួកគី ឯកឧត្តម ប៊ីណាលី យីឌឺរីម (Binary Yidirim) ប្រធានរដ្ឋសភា និងជា​អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋតួកគី។ យន្តហោះពិសេសបានធ្វើការចុះចតប្រកបដោយ​សុវត្តិ​ភាព នៅអាកាស​យាន​​ដ្ឋាន​អន្តរជាតិអាតាទួក ទីក្រុងអីស្តាន​ប៊ុល កាលពីវេលាម៉ោង១២​និង​១០នាទី ម៉ោងនៅទីក្រុង​អីស្តានប៊ុល សាធា​រណ​រដ្ឋតួកគី ត្រូវនឹងម៉ោង១៦និង១០នាទី ម៉ោង​នៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

វត្តមាននៃ​ការអញ្ជើញដល់របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល​រ៉ាក់ទាក់​បំផុត ពីឯកឧត្តមអភិបាលក្រុងអីស្តានប៊ុល ប្រមុខយោធាតួកគី អគ្គនាយកនៃក្រសួងការបរទេស​តួកគី និងលោកជំទាវឯកអគ្គរាជទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់​រដ្ឋា​ភិ​បាលតួកគី និងឥស្សរជនការទូតរបស់ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំប្រទេស​តួកគីជាច្រើនរូបទៀតផងដែរ៕